ខេត្តកណ្ដាល៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ សង្កាត់ និងភូមិព្រែកសំរោង៣ បានចុះពិនិត្យទីតាំងស្តុក និងកែច្នៃឆ្អឹងគោរបស់លោក អ៊ឹម ដារ៉ា បន្ទាប់ពីទទួលបានការត្អូញត្អែរពីប្រជាពលរដ្ឋអំពីក្លិនស្អុយប៉ះពាល់សុខភាពអស់ជាង ២ឆ្នាំ។ ការចុះពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក។
ក្រុមការងារដឹកនាំដោយលោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះស្រង់មតិប្រជាពលរដ្ឋចំនួន ៦គ្រួសារ។ ប្រជាពលរដ្ឋបានលើកឡើងថា មានក្លិនស្អុយម្តងម្កាលតាមទិសខ្យល់ ដែលធ្វើឲ្យពិបាកក្នុងការរស់នៅ ហើយស្នើសុំឲ្យម្ចាស់ទីតាំងស្តុកឆ្អឹងគោ រកវិធីសាស្ត្រទប់ស្កាត់ក្លិននេះ កុំឲ្យស្អុយបន្តទៀត។
តាមរយៈកំណត់ហេតុរបស់អាជ្ញាធរក្រុងតាខ្មៅ និងអាជ្ញាធរសង្កាត់តាខ្មៅ បានណែនាំដល់ម្ចាស់ទីតាំងឲ្យ៖
- រៀបចំកន្លែងហាលឆ្អឹងឲ្យបានត្រឹមត្រូវ (ពង្រាបឆ្អឹងឲ្យរាប និងបាញ់ជី E.M ដើម្បីកាត់បន្ថយក្លិន)។
- រៀបចំបាំងសំណាញ់ខៀវ ដើម្បីកាត់បន្ថយក្លិន។
- រៀបចំកន្លែងស្តុកឆ្អឹងស្ងួត និងកន្លែងកែច្នៃឆ្អឹងឲ្យបានត្រឹមត្រូវ។
មតិរបស់ក្រុមការងារ (វិធានការបន្ទាន់) បានតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវ៖
- រកវិធីសាស្ត្រកាត់បន្ថយក្លិនស្អុយ កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
- រៀបចំកន្លែងស្តុក និងកែច្នៃឆ្អឹងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
- គោរព និងអនុវត្តច្បាប់នានា លិខិតបទដ្ឋានគតិយុត្តិឲ្យមានប្រសិទ្ធិភាព។
- សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
ម្ចាស់អាជីវកម្មលោក អ៊ឹម ដារ៉ា បានឯកភាពតាមមតិរបស់អាជ្ញាធរ និងក្រុមការងារជំនាញទាំងអស់។