បុរសម្នាក់ ដោយសារតែគ្រឿងញៀន ធ្វើឲ្យជាប់ពន្ធនាគារដល់ទៅ ៣លើក តែពេលចេញមកវិញ នៅតែមិនកែប្រែ ទំបំផុតត្រូវប៉ូលចាប់បញ្ចូលគុកជាថ្មី ក្រោយកាន់កាំបិតប៉័ងតោដេញកាប់ម្តាយ ខ្លួនឯង កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០១ ធ្នូ ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ គឺជាកូនប្រុសទោល ឈ្មោះ លី សាគី ហៅលីសាវី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ រស់នៅក្នុងបន្ទុកជាមួយម្តាយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួនបីលើករួចមកហើយ ករណីប្រើប្រាស់នូវសារធាតុញៀន តែពេលផុតកំណត់ទោសមានសេរីភាពបានវិលមកផ្ទះវិញ គឺមិនបានកែប្រែឡើយ ដែលនៅតែបន្តប្រើប្រាស់គ្រឿងញៀន និងរករឿងអុកឡុកម្តាយសុំលុយម្តាយជាប្រចាំ ។ លុះនៅថ្ងៃកើតហេតុ ក្រោយពីប្រើប្រាស់ថ្នាំញៀនរួច ជនសង្ស័យ ក៏បានយកកាំបិតប៉័ងតោរកកាប់ជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះក៏បានរត់ចេញពីក្នុងផ្ទះ ដើម្បីឲ្យគេជួយ ភ្លាមនោះ ជនសង្ស័យបានយកដុំឥដ្ឋប្រហោងគុបទៅលើជនសង្ស័យបន្ថែមទៀត បណ្តាលឲ្យត្រូវចំមេជើងខាងឆ្វេង ក៏បានអ្នកជិតខាងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍ដលមមៀន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេដ្ឋថា ខ្លួនមិនបានប្រព្រឹត្ដដូចការចោទប្រកាន់នោះទេ តែសមត្ថកិច្ចទទួលបាននូវការបញ្ជាក់របស់អ្នកភូមិជាសាក្សីថា ជនសង្ស័យ ពឹតជាបានប្រើហឹង្សា និងគម្រាមសម្លាប់ម្តាយពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី៕


