មកដល់ពេលនេះ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានសាងសង់រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យនោះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅផ្អាកហាមឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀត ដោយតម្រូវឲ្យម្ចាស់សំណង់ដាក់ពាក្យស្នើសុំច្បាប់សិន ។
មហាជនបានសម្តែងការងឿងឆ្ងល់ថា សំណង់ខាងលើបានសង់រំលោភចូលដីទន្លេយ៉ាងច្បាស់ក្រឡែត ហើយក៏គ្មានច្បាប់ឯណាអនុញ្ញាតឲ្យសាង់សង់លើដីចំណីទន្លេដែរ ហេតុអ្វីបានជាអាជ្ញាធរ និងមន្ត្រីជំនាញមិនចាត់វិធានការឲ្យម្ចាស់សំណង់រុះរើទៅ នៅឲ្យម្ចាស់ស្នើសុំច្បាប់ធ្វើអ្វី ? ឬមួយវិធានការច្បាប់អនុវត្តបានតែលើរាស្ត្រសាមញ្ញគ្មានប្រាក់ គ្មានអំណាច ? ហើយតិចលមានអីៗនៅពីក្រោយទេដឹង ?
ពាក់ព័ន្ធនឹងករណីនេះ លោក ហេង រិទ្ធ ជាមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មាន The Real យើងឲ្យដឹង កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ថា សំណង់ខាងលើ បច្ចុប្បន្ន ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅផ្អាករួចហើយ ដោយតម្រូវឲ្យម្ចាស់សំណង់ដាក់ពាក្យស្នើសុំច្បាប់សាងសង់ ចំពោះវិធានការយ៉ាងណា រង់ចាំថ្នាក់ដឹកនាំជាអ្នកសម្រេច លោកមិនអាចឆ្លើយបានទេ ។
សូមរម្លឹកថា យោងតាមអនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី ការគ្រប់គ្រងអាងទន្លេ នៅក្នុងមាត្រា៨ បានកំណត់យ៉ាងច្បាស់ថា ការសង់សង់សំណង់គឺត្រូវមានរយៈចម្ងាយ ៥០ម៉ែត្រ គិតចាប់ពីមាត់ច្រាំងទន្លេ ប៉ុន្តែបើមើលទៅសំណង់ឥតច្បាប់ខាងលើ គឺសង់រំលោភចូលដីចំណីទន្លេតែម្តង ហេតុអ្វីអាជ្ញាធរ នៅតម្រូវឲ្យម្ចាស់សំណង់ស្នើសុំច្បាប់ទៀត ឬក៏អាជ្ញាធរខេត្តកណ្តាល អាចចេញច្បាប់អនុញ្ញាតិឲ្យសាងសង់បំពាននឹងនុក្រឹត្យបាន ?
ទោះជាយ៉ាងណា មហាជនកំពុងទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរ និងមន្ត្រីជំនាញ ចាត់វិធានការចាត់វិធានការច្បាប់ទៅលើសំណង់រំលោភដីចំណីទន្លេដែរឬទេ ព្រោះបើតាមលោកចៅសង្កាត់ស្វាយរលំ បានប្រាប់អង្គភាពសារព័ត៌មានយើងថា សំណង់របៀបនេះ មិនមែនមានតែនៅមូលដ្ឋានសង្កាត់ស្វាយរលំទេ គឺមានស្ទើរតែទាំងអស់ទៅហើយ នៅក្នុងក្រុងតាខ្មៅ ៕