កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនក្មេងទំនើង ២ក្រុម មានគ្នាសរុប ៣០នាក់ ក្រោយពេលដែលពួកគេបានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក កាលពីវេលាម៉ោងជិត ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវ និងបាននាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ ដែលពាក់ព័ន្ធនិងករណីខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
សមត្ថកិច្ច បានបញ្ជាក់ថា តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ០២ក្រុមខាងលើបានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសំដីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន ។ ចំពោះក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំ ៕