នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ «ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្សពួក ៤ នាក់ទៀត គឺមិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ ប៉ុន្តែអាចពាក់ព័ន្ធបទល្មើសកំហែងយក» ។
នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានឲ្យដឹងបន្តទៀតថា នៅពាក់កណ្ដាលខែ តុលា ឆ្នាំ ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នើសុំគោលការណ៍ លោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ ។ បន្ទាប់ពីឆែកឆេរគ្មានភស្តុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុញ្ញាតឲ្យត្រលប់ទៅវិញ លោកប្រធានមន្ទីរបានឯកភាពតាមការស្នើសុំ តែមិនបានឲ្យលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយជនជាតិចិនទេ ។ ចំណែកលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានទាមទារលុយពីជនជាតិចិនទាំងនោះចំនួន ៣ ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងបន្ថែមទៀតថា ជនជាតិចិនទាំងនោះបន្ទាប់ពីប្រគល់លុយឲ្យទៅលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្សពួករួចហើយ ពួកគេក៏ប្ដឹងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌ ។ សរុបសេចក្ដីមក ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ មិនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ តែពាក់ព័ន្ធបទល្មើស កំហែងយក ៕






