កណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយបានកើតឡើងរវាងរថយន្តនិងរថយន្ត កាលពីវេលាម៉ោង ០៥:៤០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០២៥ នៅលើផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ តែបានបង្កការខូចខាតរថយន្តចំនួន ២គ្រឿង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-8669 បើកបរដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់)។ រថយន្តនេះបានបើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ)។ លុះមកដល់ចំណុចកើតហេតុ រថយន្ត Lexus 570 បានបើកបុកជាមួយឃឿនផ្លូវ ហើយបន្តទៅបុកបង្គោលអំពូលស៊ូឡាចំនួន ២ដើម។ មិនទាន់អស់ រថយន្តបង្កនេះបានបន្តបើកទៅមុខទៀត ក៏បានបុកជាមួយរថយន្ត ១គ្រឿងទៀត ម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BP-9259 បើកបរដោយឈ្មោះ ញឹប ប៊ុន្នី (ប្រុស, ៥២ឆ្នាំ) មុខរបរយោធា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង (កោះធំ-តាខ្មៅ)។
ជាលទ្ធផល ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ប៉ុន្តែរថយន្ត Lexus 570 បានរងការខូចខាតធ្ងន់ និងរថយន្ត Toyota Prius បានខូចខាតស្រាល។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង សម្រាប់កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ប្រភពសមត្ថកិច្ចបានសន្និដ្ឋានបឋមថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត Lexus 570 បើកបរបុកឃឿនផ្លូវ និងបង្គោលភ្លើងស៊ូឡា ហើយបានគេចចេញពីកន្លែងកើតហេតុ ទើបបណ្ដាលឲ្យគ្រោះថ្នាក់នេះកើតឡើង៕