ប្រជាពលរដ្ឋនៅភូមិពាមសាលា និងភូមិព្រែកស្លែង នៃឃុំស្អាងភ្នំ ស្រុកស្អាង បានសម្តែងការព្រួយបារម្ភ និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីឃើញមេឃុំស្អាងភ្នំអនុញ្ញាតឲ្យឈ្មួញចាក់ដីលុបប្រឡាយសាធារណៈរាប់រយម៉ែត្រដើម្បីផលប្រយោជន៍ឯកជនយ៉ាងត្រជាក់មេជើង ខណៈដែលអាជ្ញាធរមូលដ្ឋានឃុំផ្សេងៗទៀតមានតែខ្នះខ្នែងជីកស្តារព្រែក ប្រឡាយ ដើម្បីរំដោះទឹក និងនាំទឹកស្រោចស្រពស្រែចំការ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមានការងឿងឆ្ងល់ណាស់ នៅពេលដែលឃើញម្ចាស់ទីតាំងកំសាន្តមួយ មានឈ្មោះថា ភូមិទឹក បានដឹកដីចាក់លុបប្រឡាយសម្រាប់រំដោះទឹកកុំឱ្យជន់លិចភូមិ រាប់រយម៉ែត្រ។ ដល់សួរទៅទើបដឹងថា មេឃុំជាអ្នកអនុញ្ញាតឱ្យចាក់លុប ដើម្បីទុកធ្វើកន្លែងចតរថយន្តភ្ញៀវ ហើយក្រោយចាក់លុបរួច ទើបកាយដាក់លូរមុខកាត់ ៨តឹកឡើងវិញ។
អ្វីដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ គឺភាពមិនស៊ីសង្វាក់គ្នារវាងឯកសារផ្លូវការ និងការពិតជាក់ស្តែង ព្រោះនៅក្នុងកំណត់ហេតុកិច្ចសន្យារបស់រដ្ឋបាលឃុំស្អាងភ្នំបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី ទូច សម្ផស្ស ស្នើសុំលុបប្រឡាយប្រវែងត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ ជាមួយការដាក់បង្កប់លូរទំហំ ៨តឹកជំនួស។ ផ្ទុយទៅវិញ លោកមេឃុំបែរជាអះអាងថាស្នើសុំលុប ១០០ម៉ែត្រ ខណៈដែលការចាក់ដីលុបជាក់ស្តែង គឺរាប់រយម៉ែត្រឯណោះ។ ដល់អញ្ចឹងទៅកាន់តែធ្វើឱ្យពួកគាត់កាន់តែឆ្ងល់មិនដឹងទៅសួរខាងណា?
អ្នកភូមិបានបន្តទៀតថា ប្រឡាយនេះមានទំហំទទឹង ១០ម៉ែត្រ និងបណ្តោយជាង ១គីឡូម៉ែត្រ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការរំដោះទឹកចេញពីភូមិ និងនាំទឹកសម្រាប់ស្រោចស្រពស្រែចំការ។ ពួកគាត់បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ការប្តូរប្រឡាយទំហំ ១០ម៉ែត្រ មកដាក់ជំនួសដោយលូរទំហំ ៨តឹក នឹងធ្វើឲ្យលំហូរទឹកមិនទាន់ ច្បាស់ជាបង្កឲ្យមានការជន់លិចភូមិ ផ្ទះសម្បែង និងផ្លូវថ្នល់ជាក់ជាមិនខាន ក្នុងរដូវវស្សាខាងមុខ។
ប្រជាពលរដ្ឋបានចោទសួរថា តើចាំបាច់អ្វីត្រូវលុបប្រឡាយរបស់រដ្ឋ ហើយតើការលុបនេះផ្ដល់ផលប្រយោជន៍អ្វីដល់សហគមន៍? តើត្រឹមថ្នាក់រដ្ឋបាលឃុំមានសិទ្ធិអនុញ្ញាតឲ្យឈ្មួញចាក់ដីលុបប្រឡាយសាធារណៈរាប់រយម៉ែត្រ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនភូមិដែរឬទេ? ហើយដោយសារតែការគិតមិនយល់ និងបារម្ភពីបញ្ហាជន់លិចនេះ ទើបពួកគាត់ស្នើសុំឲ្យអ្នកសារព័ត៌មានជួយពាំនាំរឿងនេះទៅជម្រាបជូនថ្នាក់លើ ជាពិសេសឯកឧត្តមអភិបាលខេត្ត មេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់។
ជុំវិញការលើកឡើងរបស់អ្នកភូមិ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីសំណាក់លោកស្រី ទូច សម្ផស្ស បានទេ។ ចំណែកលោក ស៊ុំ សុខន ប្រធានការិយាល័យធនធានទឹក និងឧតុនិយមស្រុកស្អាង ក៏មិនអាចសុំការបកស្រាយបានដែរ ដោយសារទូរសព្ទ័ចូលតែពុំមានអ្នកទទួល។ យ៉ាងណាមិញ លោក មិ ពិន មេឃុំស្អាងភ្នំ បានទទួលស្គាល់ថា លោកពិតជាបានអនុញ្ញាតឲ្យលោកស្រី ទូច សម្ផស្ស ចាក់ដីលុបប្រឡាយមែន ដោយក្រោយពីចាក់ដីលុបរួច នឹងដាក់លូរទំហំ ៨តឹក ដើម្បីរំដោះទឹក ដូចមានចែងក្នុងកំណត់ហេតុកិច្ចសន្យាចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៥ កន្លងទៅ។ លោកក៏បានបញ្ជាក់បន្ថែមថា លោកពុំបានរាយការណ៍រឿងនេះទៅរដ្ឋបាលស្រុក ឬជំនាញពាក់ព័ន្ធនោះទេ ហើយក៏មិនអនុញ្ញាតឲ្យមានការរំកិលរបង ឬសង់សំណង់រឹងនៅប្រឡាយដែលបានចាក់ដីលុបជាដាច់ខាត។ លោកបន្ថែមទៀតថា ប្រសិនបើថ្ងៃក្រោយមានបញ្ហាប្រឈម នឹងលើកគម្រោងមូលនិធិឃុំដើម្បីធ្វើការស្តារឡើងវិញ។
យោងតាមកំណត់ហេតុកិច្ចសន្យា សរសេរដោយដៃ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា និងវាយត្រាទទួលស្គាល់ និងឯកភាពដោយលោកមេឃុំស្អាងភ្នំ, ឈ្មោះ ទូច សម្ភស្ស ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានសុំចាក់ដីលុបប្រឡាយចាស់ដោយដាក់ប្រព័ន្ធលុទំហំ ៨តឹក ដែលមានទទឹង ១០ម៉ែត្រ បណ្តោយប្រវែង ៥០ម៉ែត្រ កម្ពស់ស្មើនឹងផ្លូវបេតុង នៅត្រង់ចំណុចភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ។
នៅក្នុងកំនត់ហេតុនេះ លោកស្រី ទូច សម្ភស្ស បានសន្យាថា បើថ្ងៃក្រោយខ្លួនសាងសង់សំណង់រឹង គ្រប់ប្រភេទ និងយកដីខាងលើនេះជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺសូមទទួលខុសត្រូវចំពោះមុខច្បាប់៕