កណ្ដាល: ផ្ទះឈើមួយខ្នងទំហំ ៥x៦ ម៉ែត្រ ដំបូលប្រក់ក្បឿង និងជញ្ជាំងក្តារបន្ទះ ដែលសាងសង់តាំងពីយូរយារណាស់មកហើយ ស្ថិតនៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានបាក់រលំខ្ទេចខ្ទីគ្មានសល់ កាលពីវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី១៩ មិថុនា ២០២៥ បន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ពេញមួយយប់។ ហេតុការណ៍នេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ខណៈម្ចាស់ផ្ទះនិងក្រុមគ្រួសារបានរត់គេចទាន់ពេល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រាំងយ៉ូវបានឲ្យដឹងថា ផ្ទះដែលរងការខូចខាតទាំងស្រុងនេះ គឺជាកម្មសិទ្ធិរបស់លោកយាយ ស្រ៊ុន អឺង (ស្រី, ៦៥ឆ្នាំ) មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុ។ ក្នុងគ្រួសាររបស់លោកយាយ មានសមាជិកសរុប ៧នាក់ រួមមានកូន ៤នាក់ និងចៅប្រុសស្រី ៣នាក់។
លោកយាយ ស្រ៊ុន អឺង បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុបន្តិច ក្រុមគ្រួសាររបស់លោកយាយកំពុងនៅជុំគ្នានៅក្នុងផ្ទះ។ លុះដល់វេលាខាងលើ ស្រាប់តែឮសំឡេងង៉ឺតៗ ហើយដោយឃើញសភាពមិនស្រួល លោកយាយក៏បានស្រែកហៅកូនចៅឲ្យរត់ចេញពីផ្ទះជាបន្ទាន់។ គ្រាន់តែរត់ចេញផុតភ្លាម ផ្ទះក៏បានដួលរលំគ្រឹបដល់ដីតែម្ដង។
សម្ភារៈដែលខូចខាតរួមមាន ផ្ទះមួយខ្នងទាំងស្រុង, កង់មួយគ្រឿង, សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជាចង្ក្រាន ចានឆ្នាំងជាដើម សុទ្ធតែត្រូវផ្ទះរលំសង្កត់ខូចខាតទាំងស្រុង។
បច្ចុប្បន្ន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងធ្វើរបាយការណ៍ជូនក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំក្រាំងយ៉ូវ ដើម្បីគៀងគរមូលនិធិសាងសង់លំនៅឋានសមរម្យជូនលោកយាយ និងក្រុមគ្រួសារ។ ជាមួយគ្នានោះ ពួកគេក៏បានជូនដំណឹងទៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ដើម្បីផ្ដល់ស្បៀងអាហារមនុស្សធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះផងដែរ៕