ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន។ ពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល នៅចំណុចមាត់ត្រពាំងទឹក ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ យឹម គឹមយឿន (ប្រុស, ៤៦ឆ្នាំ) រស់នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល (ប្រើប្រាស់គ្រឿងញៀនប្រហែល ២ឆ្នាំ, លក់ប្រហែល ២ខែ), និងមម សុងហេង ហៅ ចេវ (ប្រុស, ២៤ឆ្នាំ) រស់នៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល (ប្រើប្រាស់គ្រឿងញៀនប្រហែល ១ឆ្នាំ, លក់បាន ១លើក). ជនសង្ស័យមម សុងហេង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ១លើក រយៈពេល ១ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំង ២នាក់ សុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម (+)។
លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ២កញ្ចប់តូច ទម្ងន់ ០,៣២ក្រាម, ទូរស័ព្ទដៃ ២គ្រឿង (ម៉ាក OPPO ពណ៌ខៀវចាស់, Infinix ពណ៌លឿង), កាំបិតផ្គាក់ ៣, ពូថៅ ២, និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានទទួលព័ត៌មានពីមហាជនល្អ ថាមានមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិចំបក់ទន្សាយ ឃុំព្រៃពួច។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ មម សុងហេង ហៅ ចេវ និងដកហូតថ្នាំញៀន (ម៉ាទឹកកក) ២កញ្ចប់តូច។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យមម សុងហេង បានឆ្លើយថា ថ្នាំញៀននេះជារបស់ឈ្មោះ យឹម គឹមយឿន ហើយខ្លួនយកទៅលក់ក្នុងតម្លៃ ៣០.០០០រៀល។ យោងតាមចម្លើយសារភាពនេះ កម្លាំងសមត្ថកិច្ចបានបន្តទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម គឹមយឿន នៅចំណុចខ្ទមក្រោយផ្ទះ។ ពេលនោះ សមត្ថកិច្ចបានដកហូតឧបករណ៍ប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន, កាំបិតផ្គាក់ ៣, និងពូថៅ ២។
លោកអធិការក៏បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យឹម គឹមយឿន បានសារភាពថា ថ្នាំញៀននោះជារបស់ខ្លួនពិតប្រាកដមែន ដោយបានប្រគល់ឲ្យឈ្មោះ មម សុងហេង ហៅ ចេវ យកទៅលក់ក្នុងតម្លៃ ៣០.០០០រៀល។ រូបគេកន្លងមកបានទិញថ្នាំញៀនពីមុខសញ្ញាមិនស្គាល់ ក្នុងតម្លៃពី ៧០.០០០រៀល ទៅ ១០០.០០០រៀល ដើម្បីយកមករំលែកទុកប្រើប្រាស់ខ្លះ និងលក់បន្តខ្លះ។ ជនសង្ស័យទាំង២នាក់នេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយគ្នាញឹកញាប់នៅតាមព្រៃ និងនៅខ្ទមក្រោយផ្ទះ។
បច្ចុប្បន្ន ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕