ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង បានសម្រេចនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុក ឲ្យម្ចាស់ដេប៉ូខ្សាច់ដែលប្រើប្រាស់រថយន្តយីឌុបធំៗ ជួសជុលផ្លូវមូលនិធិឃុំដែលខូចខាតធ្ងន់ធ្ងរ។ ការតវ៉ានេះកើតឡើងក្រោយពីពួកគេបានអត់ទ្រាំលែងបាន នឹងផលលំបាកជារៀងរាល់ថ្ងៃ បន្ទាប់ពីការសន្យាខ្យល់ជាច្រើនលើកច្រើនសាររបស់តំណាងដេប៉ូ មិនត្រូវបានអនុវត្តនោះទេ។
ប្រជាពលរដ្ឋភូមិព្រែកស្នាយ ពិសេសអ្នកមានចម្ការនៅសងខាងព្រែកតាកុក បានបញ្ជាក់ថា ដេប៉ូខ្សាច់ដែលមានម្ចាស់ឈ្មោះ តឹង មុំ បានបើកដំណើរការជាង ២ឆ្នាំមកហើយ។ កាលពីមុនពេលដេប៉ូមិនទាន់បើក ផ្លូវក្រាលថ្មក្នុងភូមិមានសភាពល្អប្រសើរ មិនបង្កការលំបាកដល់ការធ្វើដំណើរទៅចម្ការ ឬដឹកជញ្ជូនផលដំណាំឡើយ ទោះមានភ្លៀងធ្លាក់ក៏ដោយ។ ប៉ុន្តែក្រោយរថយន្តដឹកខ្សាច់ចេញពីដេប៉ូចុះឡើងៗ ផ្លូវក៏ចាប់ផ្ដើមខូចទ្រុឌទ្រោម របើកកម្ទេចថ្មអស់ នៅសល់តែដីទទេ ដែលជាហេតុបណ្ដាលឲ្យហុយខ្លាំងរហូតមើលអ្វីមិនឃើញពេលឡានដឹកខ្សាច់ឆ្លងកាត់។ ចំណែកឯពេលធ្លាក់ភ្លៀងវិញនោះ ផ្លូវបានរអិលខ្លាំងណាស់ កុំថាឡើយជិះកង់ ជិះម៉ូតូ សូម្បីតែដើរក៏ពុំរួចដែរ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋមិនអាចដឹកជញ្ជូនផលដំណាំពីចម្ការចេញមកផ្ទះ ឬទៅកាន់ទីផ្សារបានទៀតផង។
ដោយសារតែការសន្យាខ្យល់ជាច្រើនលើកច្រើនសារកន្លងមក ថានឹងជួសជុលចាក់ថ្មវិញ តែមិនដែលឃើញអនុវត្ត ទើបបានជាពួកគាត់សម្រេចចិត្តផ្តិតមេដៃដាក់ទៅអភិបាលស្រុក ឲ្យជួយអន្តរាគមន៍ឲ្យម្ចាស់ដេប៉ូគោរពតាមសន្យា ធ្វើផ្លូវសងឲ្យបានដូចដើមវិញ។ ប្រជាពលរដ្ឋបានចាត់ទុកថា ការដែលម្ចាស់ដេប៉ូធ្វើអាជីវកម្មទទួលប្រាក់ចំណេញ បែរជាមកបំផ្លាញផ្លូវសាធារណៈដែលធ្វើឲ្យរាស្ត្រ ដោយគ្មានការទទួលខុសត្រូវដូច្នេះ គឺមិនអាចទទួលយកបានឡើយ។
ទាក់ទងនឹងការលើកឡើង និងបណ្តឹងរបស់ប្រជាពលរដ្ឋនេះ យើងមិនអាចទំនាក់ទំនងសុំការបកស្រាយពីសំណាក់ម្ចាស់ដេប៉ូខាងលើបានទេ។ ប៉ុន្តែ លោក ឈាង តាង មេឃុំព្រែកគយ បានអះអាងថា ការលើកឡើងរបស់ពលរដ្ឋ គឺមិនខុសនោះទេ ហើយលោកគាំទ្រប្រជាពលរដ្ឋ។ លោកមេឃុំបានបន្តថា កាលពីម្សិលមិញនេះ លោកក៏បានចាត់មន្ត្រីក្រុមប្រឹក្សាឃុំ ២នាក់ ចូលរួមជាមួយមន្ត្រីជំនាញរបស់ស្រុក ចុះពិនិត្យជាក់ស្តែង ដើម្បីដាក់កំហិតឲ្យម្ចាស់ដេប៉ូ។
ចំណែកឯ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានផ្ញើសំណេរតាមតេឡេក្រាមថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ស៊ុំ រត្ន័សាឌី មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ សហការជាមួយអាជ្ញាធរឃុំព្រែកគយ បានចុះពិនិត្យផ្លូវដែលរងការខូចខាតដោយសារឡានដឹកខ្សាច់របស់ដេប៉ូខ្សាច់ តឹង មុំ ស្ថិតក្នុងភូមិព្រែកស្នាយ។ ដោយមន្ត្រីជំនាញនិងអាជ្ញាធរឃុំ បានតម្រូវឲ្យដេប៉ូធ្វើការជួសជុលដោយចាក់ថ្ម ឬគ្រួស តាមស្តង់ដារជាផ្លូវមូលនិធិឃុំឡើងវិញ តែមេការតំណាងដេប៉ូបានឆ្លើយថា សុំឆ្លងទៅលោកស្រី តឹង មុំ ជាថៅកែនៅឯរាជធានីភ្នំពេញសិន។