ខេត្តកណ្ដាល៖ ទុក្ខសោកពិតជាបានរុំព័ទ្ធគ្រួសារលោកយាយពិការម្នាក់ នៅស្រុកអង្គស្នួល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គិភ័យដែលបង្កឡើងដោយទុស្សេខ្សែភ្លើង បានឆាបឆេះផ្ទះគាត់ខ្ទេចអស់គ្មានសល់ រួមទាំងក្តីសង្ឃឹម និងសម្ភារៈប្រើប្រាស់ដែលសន្សំបានពេញមួយជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១:០៥នាទីរំលងអាធ្រាត្រ នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ម្ចាស់ផ្ទះដ៏កម្សត់រូបនេះគឺលោកយាយ ផាន់ រីម ភេទស្រី អាយុ ៦៣ឆ្នាំ ដែលមានជើងឆ្វេងពិការ។ គាត់រស់នៅផ្ទះដ៏តូចល្មមមួយធ្វើពីស័ង្កសី និងស្លឹកជាមួយនឹងចៅប្រុសអាយុទើបតែ ៧ឆ្នាំ។ នៅយប់កើតហេតុ ពេលដែលលោកយាយកំពុងសម្រាកក្បែរចៅប្រុសជាទីស្រលាញ់នៅសំយ៉ាបមុខផ្ទះ ស្រាប់តែសម្លេងផ្ទុះមួយបានលាន់ឮចេញពីក្នុងផ្ទះ ហើយអណ្តាតភ្លើងក៏បានឆាបឆេះរាលដាលយ៉ាងលឿនចេញមកក្រៅតែម្តង។
លោកយាយ ផាន់ រីម បានស្រែកហៅអ្នកជិតខាងទាំងក្តីអស់សង្ឃឹម ព្រោះអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ រួមទាំងទ្រព្យសម្បត្តិទាំងអស់ដូចជាម៉ូតូហុងដាគុប ១គ្រឿង, ទូខោអាវ ១, និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ឲ្យក្លាយជាផេះផង់ក្នុងរយៈពេលដ៏ខ្លី។ ក្តីសង្ឃឹម និងរាល់ការប្រឹងប្រែងរបស់គាត់ ក៏បានរលាយបាត់ទៅតាមអណ្តាតភ្លើងដ៏សាហាវនេះ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជិតខាងសរុបប្រមាណ ១៥នាក់ បានប្រញាប់ប្រញាល់ចុះជួយពន្លត់អគ្គិភ័យនេះ។ ទោះជាយ៉ាងណា ភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១:២៥នាទីរំលងអាធ្រាត្រ ដោយបន្សល់ទុកតែភាពសោកសៅ និងសំណល់ផ្ទះដែលឆេះខ្ទេចគ្មានសល់។ យ៉ាងណាមិញ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ មិនមានអ្នករងរបួសដល់អាយុជីវិតនោះទេ។
បច្ចុប្បន្ន លោកយាយ ផាន់ រីម និងចៅប្រុស កំពុងប្រឈមមុខនឹងភាពលំបាកជាខ្លាំង ក្រោយបាត់បង់ជម្រក និងសម្ភារៈគ្រប់បែបយ៉ាង។ នេះពិតជាតម្រូវឲ្យមានការជួយជ្រោមជ្រែងពីសប្បុរសជននានា ដើម្បីជាកម្លាំងចិត្ត និងជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងរនេះ។