ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (កាច់សោកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យរូបនេះក៏ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោសផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៨ និង ២០ នាទី នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ព្រុំ នុយ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+).
វត្ថុតាងដែលចាប់យកបានរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជាមធ្យោបាយដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់កបាន), ទូរសព្ទដៃមួយគ្រឿងម៉ាក MI ពណ៌ប្រផះ, ដែកខ្សៀររាងអក្សរអិលចំនួន ០២ ដើម, ដែកតាន់ប្រាំបីជ្រុងរាងអក្សរអិល ០១ ដើម, ដែកតាន់រាងសំប៉ែតសម្រាប់កាច់សោកម៉ូតូចំនួន ០៥ ដើម, សរសៃលួសកែច្នៃសម្រាប់ឆ្កឹសមេសោចំនួន ០៥ សរសៃ, និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានធ្វើការល្បាតក្នុងភូមិសាស្រ្ដនិងតំបន់ងាយរងគ្រោះ ក៏បានប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿងគួរឲ្យសង្ស័យ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រៃពួចបានធ្វើការសហការជាមួយកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការឃាត់សួរនាំនឹងឆែកឆេរ។ ក្នុងពេលឆែកឆេរ ក៏ឃើញមានឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូមួយចំនួននៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ។ ភ្លាមនោះ កម្លាំងជំនាញក៏បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ព្រុំ នុយ បានឆ្លើយសារភាពថា ខ្លួនបានលួចម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ខ្មៅ ដែលខ្លួនកំពុងជិះនេះ ពីម្ដុំសាលាវិទ្យាល័យសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានកាច់ផ្លាកលេខបោះចោលនៅលូទឹកស្អុយម្ដុំស្ទឹងមានជ័យ។ ជនសង្ស័យបានឆ្លើយបន្តទៀតថា ខ្លួនធ្លាប់ជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែ (ម១) ព្រៃស រយៈពេល ០៦ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥ ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ)។ ជនសង្ស័យក៏បានសារភាពដែរថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនរយៈពេល ០៧ ឆ្នាំមកហើយ។
ទាក់ទងនឹងករណីនេះផងដែរ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០៥ នាទីព្រឹក ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលពីឯកឧត្ដមព្រះរាជអាជ្ញាខេត្តកណ្ដាល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលសៀម នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានចុះពិនិត្យទីតាំងផ្ទះជួលរបស់ឈ្មោះ ព្រុំ ស្រីនាង ភេទស្រី អាយុ ៣៤ ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលត្រូវជាបងបង្កើតរបស់ជនសង្ស័យឈ្មោះ ព្រុំ នុយ (ដែលធ្លាប់ស្នាក់នៅជាមួយ)។ ទោះជាយ៉ាងណា លទ្ធផលនៃការពិនិត្យឆែកឆេរ មិនឃើញមានវត្ថុតាង ឬសម្ភារៈផ្សេងៗ ដែលល្មើសច្បាប់ឡើយ។
បច្ចុប្បន្ន ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី។