ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនជិត ៤ក្រាម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៤:៤០ នាទីរសៀល នៅចំណុចមុខរោងចក្របឹងឈូក ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សាត មករា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមជនសង្ស័យរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+).
វត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ កញ្ចប់ (ធំ ០២ កញ្ចប់ មធ្យម ០២ កញ្ចប់ និងតូច ០១ កញ្ចប់) ទម្ងន់សរុប ៣,៨២ ក្រាម, ម៉ូតូចំនួន ០១ គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-2453, និងឧបករណ៍ប្រើប្រាស់និងវិចខ្ចប់ថ្នាំញៀនមួយចំនួន។
លោក វរសេនីយ៍ឯក ឡេង សុខរុន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប និងកម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ ក៏បានឃើញជនសង្ស័យខាងលើ កំពុងតែជិះម៉ូតូតាមផ្លូវ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានហៅ និងសួរនាំ រួចក៏បានធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យឈ្មោះ សាត មករា។ ក្នុងពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥ កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកក្នុងហោប៉ៅខោមុខខាងស្ដាំ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងរាយការណ៍មកផ្នែកជំនាញ រួចក៏បាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាត មករា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៥ កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចទំនប់ឆ្កែឆ្កួត ក្នុងតម្លៃ ៣០០,០០០ រៀល (សាមសិបម៉ឺនរៀល) ដើម្បីយកមកលក់បន្ត។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមកខ្លួនធ្លាប់ជួញដូរគ្រឿងញៀនបានរយៈពេលជិតមួយខែមកហើយ ហើយធ្លាប់ទៅទិញថ្នាំញៀននៅទំនប់ឆ្កែឆ្កួតបានចំនួន ២០ លើក។ នៅក្នុងមួយលើកៗ ពេលខ្លះខ្លួនទិញតម្លៃ ១០ ម៉ឺន, ២០ ម៉ឺន និង ៣០ ម៉ឺនរៀល។ ជនសង្ស័យក៏បានបញ្ជាក់ដែរថា ក្រៅពីជួញដូរថ្នាំញៀន និងប្រើប្រាស់ថ្នាំញៀន ខ្លួនមិនធ្លាប់ប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់អ្វីនោះទេ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។