យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយរូបភាពអាសអាភាសមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុរបស់ជនរងគ្រោះ បន្ទាប់ពីជនសង្ស័យបានផ្ញើរូបភាព និងវីដេអូឃ្លីបស្និទ្ធស្នាលជាមួយអតីតសង្សារជាអនីតិជនវ័យ ១៧ឆ្នាំ ទៅកាន់ម្តាយរបស់នាង ព្រមទាំងគំរាមបង្ហោះជាសាធារណៈ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មៀនឆែម សុឃាង អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះគឺជាអនីតិជន មានអាយុ ១៧ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ របាយការណ៍បានបន្តថា មុនពេលកើតហេតុ ចាប់តាំងពីឆ្នាំ២០២២មក ជនសង្ស័យ និងក្មេងស្រីរងគ្រោះ (ដែលនៅពេលនោះមានអាយុប្រហែល ១៤ឆ្នាំ) គឺជាសង្សារនឹងគ្នា ហើយជនសង្ស័យបានលួចថតវីដេអូទុកនៅពេលពួកគេមានទំនាក់ទំនងស្នេហា និងរួមភេទជាមួយគ្នាជាញឹកញាប់នៅផ្ទះសំណាក់។
លុះក្រោយមក ម្តាយរបស់ក្មេងស្រីរងគ្រោះបានដឹងរឿងរ៉ាវនេះ ហើយបានហាមឃាត់អ្នកទាំងពីរមិនឲ្យទាក់ទងគ្នាទៀតទេ។ ដោយមានការខឹងសម្បារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង៥០នាទី ជនសង្ស័យបានផ្ញើរូបភាព និងវីដេអូឃ្លីបដែលខ្លួនធ្លាប់លួចថតទុកនោះ តាមរយៈកម្មវិធីតេឡេក្រាម ទៅកាន់ទូរស័ព្ទដៃរបស់ម្តាយក្មេងស្រីរងគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបាននិយាយគំរាមថា ប្រសិនបើម្តាយក្មេងស្រីរងគ្រោះនៅតែបន្តបំបែកបំបាក់ស្នេហារបស់ពួកគេ ខ្លួននឹងបង្ហោះវីដេអូទាំងនោះចូលក្នុងបណ្តាញសង្គម Facebook ជាសាធារណៈ។
បន្ទាប់ពីទទួលបានសារគំរាម និងរូបភាពទាំងនោះ ម្តាយរបស់ក្មេងស្រីរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងចាត់ការតាមផ្លូវច្បាប់។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន ទូរស័ព្ទដៃមួយគ្រឿងរបស់ជនសង្ស័យ។ ការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនសង្ស័យបានបង្ហាញលទ្ធផលអវិជ្ជមាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មៀនឆែម សុឃាង បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះ ហើយបានលួចថតវីដេអូទុកមើល និងបានផ្ញើវីដេអូនោះទៅម្តាយក្មេងស្រីរងគ្រោះ ព្រមទាំងបាននិយាយគំរាមដូចការរៀបរាប់ខាងលើប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕