កណ្តាល ៖ ជនសង្ស័យ ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកល្វាឯម ឃាត់ខ្លួនករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតាំហ្វេតាមីន (Ice) ទម្ងន់ជិត ០.១ក្រាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៤០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវកៅស៊ូ ៧០B ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ វ៉េង ចាន់រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្រោយការឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោម រកឃើញលទ្ធផលវិជ្ជមាន (+).
វត្ថុតាងដែលចាប់យកបានរួមមាន៖ ១. គ្រឿងញៀនប្រភេទមេតាំហ្វេតាមីន (Ice) ១កញ្ចប់តូច មានទម្ងន់ថ្នាំសរុប ០.០៩ក្រាម។ ២. ម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ក្រហម ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខកំពង់ចាម 1B-6919។
យោងតាមរបាយការណ៍របស់សម្ថកិច្ចបានឲ្យដឹងថា នៅពេលដែលកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកល្វាឯម បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកឃ្លាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរ ចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះក្នុងឃុំទឹកឃ្លាំង ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឃាត់ឆែកឆេរ រកឃើញថ្នាំញៀន (ម៉ាទឹកកក) ១កញ្ចប់តូច ដែលជនសង្ស័យបានលាក់ក្រោមបាតជើង។ ភ្លាមៗនោះ កម្លាំងជំនាញក៏ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងថ្នាំញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉េង ចាន់រ៉ា បានឆ្លើយសារភាពថា កន្លងមកខ្លួនតែងតែទិញថ្នាំញៀន (ម៉ាទឹកកក) យកមកប្រើប្រាស់ជាប្រចាំនៅបន្ទប់ជួលដែលខ្លួនបានស្នាក់នៅ។ លុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី រូបគេបានចេញពីធ្វើការរោងចក្រ រួចជិះម៉ូតូទៅទិញថ្នាំញៀន (ម៉ាទឹកកក) ១កញ្ចប់តូច ក្នុងតម្លៃ ២ម៉ឺនរៀល ពីជនមិនស្គាល់ឈ្មោះនៅម្តុំសិត្បូ ដើម្បីយកទៅប្រើប្រាស់នៅស្រុកកំណើត (ខេត្តព្រៃវែង)។ ពេលទិញថ្នាំញៀនបានហើយ ខ្លួនបានយកថ្នាំញៀនមកដាក់នៅចង្កេះខោ។ ពេលជិះម៉ូតូមកដល់កំពង់ចម្លងផ្លូវត្រី ខ្លួនបានយកថ្នាំញៀនចេញពីចង្កេះខោមកដាក់នៅបាតជើង។ លុះជិះម៉ូតូមកដល់ផ្លូវកៅស៊ូ ៧០B ក៏មានសមត្ថកិច្ចឃាត់សួរនាំ និងឆែកឆេរឃើញថ្នាំញៀន ១កញ្ចប់តូច ដែលខ្លួនលាក់ក្រោមបាតជើង រួចសមត្ថកិច្ចក៏បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។