កណ្តាល ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីគំរាមថានឹងសម្លាប់ ថែមទាំងកាប់សត្វឆ្កែរបស់ជនរងគ្រោះឲ្យងាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាអុងទី១ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមាន ២នាក់ គឺ៖ ១. ឈ្មោះ ភឿន សំណាង ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ ២. ឈ្មោះ សូ វិត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់។ ជនរងគ្រោះទាំងពីររូបមានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ ឃៀង រស្មី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិពាមឧកញ៉ាអុងទី១ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សម្ភារៈដែលរងការខូចខាតរួមមាន បង្អួចកញ្ចក់ ១ផ្ទាំង និងសត្វឆ្កែ ១ក្បាល។ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ចំពាមកៅស៊ូ ១ដើម, ពូថៅផ្លែដែក ដងឈើ ១ដើម, និងកាំបិតផ្កាក់ផ្លែដែក ដងឫស្សី ១ដើម។
សមត្ថកិច្ចបន្តទៀតថា នៅវេលាកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងផ្ទះ ក៏បានឃើញជនសង្ស័យឈ្មោះ រស្មី នៅក្នុងដៃមានកាន់ចំពាមកៅស៊ូ និងកាំបិតផ្គាក់ បានដើរជេរឡូឡានៅមុខផ្ទះរបស់គាត់។ បន្ទាប់មក ជនសង្ស័យក៏បានយកចំពាមកៅស៊ូបាញ់ទៅលើផ្ទះឈ្មោះ ភឿន សំណាង ត្រូវបង្អួចកញ្ចក់បណ្ដាលឲ្យបែក ១ផ្ទាំង។ ក្រោយមក ជនសង្ស័យក៏បានកាន់កាំបិតផ្កាក់ដើរកាត់មុខផ្ទះជនរងគ្រោះម្នាក់ទៀតឈ្មោះ សូ វិត រួចបានកាប់សត្វឆ្កែរបស់គាត់បណ្ដាលឲ្យងាប់ ១ក្បាលភ្លាមៗនៅនឹងកន្លែង។ បន្ទាប់ពីនោះ ជនសង្ស័យក៏បានដើរទៅផ្ទះវិញ ហើយបានបន្តិច ក៏បានមកឈរលើកកាំបិតផ្កាក់កាត់មុខផ្ទះរបស់ជនរងគ្រោះឈ្មោះ សូ វិត ម្តងទៀត រួចបាននិយាយចោទប្រកាន់ថា “ហ្អែង ជាអ្នកធ្វើអំពើ ប្រយ័ត្នអញ់កាប់ឲ្យងាប់!!”។ ពេលនិយាយរួច ជនសង្ស័យក៏បានដើរចេញបាត់ទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងបានចុះមកដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យឈ្មោះ ឃៀង រស្មី មកធ្វើការសាកសួរតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឃៀង រស្មី បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ឆ្កែ បាញ់បង្អួចផ្ទះរបស់ជនរងគ្រោះចំនួន ៣លើក និងគំរាមកំហែងថានឹងសម្លាប់ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។