បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពីបានគំរាមកំហែងចង់សម្លាប់បងថ្លៃស្រី និងបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់បងថ្លៃ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទី នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនក៏ត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងទឹកនោមផងដែរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះគឺឈ្មោះ សឿន ចិន្តា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ ជួន សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជាមួយគ្នា ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ។
សភាពនៃរឿងហេតុបានចាប់ផ្តើមនៅវេលាម៉ោង ០៥:០០នាទីព្រឹក ថ្ងៃកើតហេតុ។ ភរិយារបស់ជនរងគ្រោះបានភ្ញាក់ពីដំណេកបំរ៉ុងងូតទឹករៀបចំខ្លួនទៅធ្វើការ តែពេលទៅដល់កន្លែងងូតទឹក ស្រាប់តែឃើញទុយោទឹកស្អាតដែលតចូលដាក់ពាងត្រូវបានគេអាលកាច់បំបាក់ចោល។ លើសពីនេះ ម៉ាស៊ីនបូមទឹក ១គ្រឿង ក៏ត្រូវបានគេយកទឹកកូកាកូឡាលាយជាមួយដីចាក់ចូលទៅក្នុងប្រេងបាតថែមទៀតផង។ ឃើញដូច្នេះ ភរិយារបស់ជនរងគ្រោះបានសង្ស័យទៅលើប្អូនថ្លៃខ្លួនគឺឈ្មោះ ជួន សំណាង ក៏ទៅសួរនាំ។ ការសួរនាំនេះបានធ្វើឱ្យជនសង្ស័យខឹងសម្បារយ៉ាងខ្លាំង ហើយបានទាញកាំបិតផ្គាក់ស្រែកគំរាមចង់សម្លាប់ភរិយារបស់ជនរងគ្រោះ។ ហេតុការណ៍នេះបានធ្វើឱ្យជនរងគ្រោះ (ស្វាមី) ខឹងយ៉ាងខ្លាំង ហើយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិន ដើម្បីឱ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ និងចាត់ការតាមនីតិវិធី។
វត្ថុតាងដែលសមត្ថកិច្ចបានចាប់យកក្នុងប្រតិបត្តិការនេះរួមមាន៖ កំណាត់ឈើជ្រុង ១ដើម, ទុយោជ័រប្រវែង ៥ម៉ែត្រ, កណ្តៀវដងឈើ ១ដើម, រណាដងឈើ ១ដើម, កាំបិតផ្គាក់អត់ដង ១ដើម និងញញួរដំការូ ១ដើម។ សម្ភារៈដែលរងការខូចខាតរួមមាន ទុយោទឹកស្អាត និងម៉ាស៊ីនបូមទឹក ១គ្រឿង។ ក្រោយការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ជួន សំណាង ត្រូវបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមឃើញលទ្ធផលវិជ្ជមាន (+)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយករណាអាទុយោទឹកស្អាត និងយកកាំបិតផ្គាក់គំរាមកំហែងចង់សម្លាប់ភរិយារបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។