កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទពីផ្ទះប្រជាពលរដ្ឋម្នាក់ ដែលជាគ្រូពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី នៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ហុង សារឿន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរជាគ្រូពេទ្យ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សឿន តុងហ៊ួរ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ គួរកត់សម្គាល់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលម្ដងរួចមកហើយ ករណីលួចដូចគ្នា ហើយនៅពេលធ្វើតេស្តទឹកនោមរកសារធាតុញៀន ក៏ឃើញលទ្ធផលវិជ្ជមាន (+) ផងដែរ។
មុនពេលកើតហេតុ តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យ សឿន តុងហ៊ួរ បានដើរចូលទៅធ្វើសកម្មភាពលួចទូរស័ព្ទ iPhone XS Max ពណ៌ខ្មៅមួយគ្រឿងរបស់ជនរងគ្រោះដល់ក្នុងផ្ទះ នៅពេលជនរងគ្រោះបានសាកថ្មចោលទុកនៅលើតុ រួចយករត់គេចខ្លួនបាត់ទៅ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទូរស័ព្ទ។ តាមការសាកសួរនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។