កម្លាំងសមត្ថកិច្ចនគរបាលស្រុកល្វាឯម ខេត្តកណ្ដាល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤០ នាទី នៅលើផ្លូវលំ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៊ុន ង៉ា ភេទ ស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម។ ការឃាត់ខ្លួននេះធ្វើឡើង ខណៈកម្លាំងអន្តរាគមន៍ស្រុកល្វាឯម បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំថ្មគរ ហើយបានប្រទះឃើញជនសង្ស័យខាងលើដោយមានការសង្ស័យ ក៏បានឃាត់ឆែកឆេររកឃើញវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតាំហ្វេតាមីន (Ice) ចំនួន ០២ កញ្ចប់តូច ទម្ងន់ថ្នាំសរុប ០.៥៨g និងកែវសម្រាប់ជក់ថ្នាំញៀន ០១ នៅក្នុងអាវទ្រនាប់របស់ជនសង្ស័យ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ប៊ុន ង៉ា បានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោមរួច លទ្ធផលវិជ្ជមាន (+)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុន ង៉ា បានឆ្លើយសារភាពថា កន្លងមកខ្លួនតែងតែធ្វើដំណើរទៅទិញថ្នាំញៀន (ម៉ាទឹកកក) នៅម្ដុំច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ដោយទិញម្ដងៗតម្លៃចាប់ពី ៧០.០០០ ទៅ ៨០.០០០រៀល។ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:០០ នាទី នាងបានឆ្លងដរផ្លូវត្រី រួចជិះឡានឈ្នួលទៅច្បារអំពៅម្ដុំច្រាំងបាក់ ដើម្បីទិញថ្នាំញៀនចំនួន ០២កញ្ចប់តូច ក្នុងតម្លៃ ៦០.០០០រៀល។ ពេលទិញបានហើយ អ្នកលក់បានឱ្យកែវសម្រាប់ជក់ និងរំលែកថ្នាំញៀនខ្លះឱ្យប្រើប្រាស់នៅទីនោះ។ ក្រោយប្រើប្រាស់រួច នាងបានយកថ្នាំញៀន និងកែវសម្រាប់ជក់ដាក់ចូលក្នុងអាវទ្រនាប់ រួចជិះឡានឈ្នួលត្រឡប់មកវិញ។ ពេលឆ្លងដរផ្លូវត្រីមកដល់ត្រើយម្ខាងស្រុកល្វាឯម ក៏ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ និងឆែកឆេរ រកឃើញវត្ថុតាង និងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមតែម្ដង។
ចំពោះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។