Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ! បុរសដែលអះអាងថាត្រូវលោកឧកញ៉ា ស្រី ចាន់ថន និងបក្ខពួក ចាប់បង្ខាំងខុសច្បាប់ កំពុងដង្ហើយសុំជំនួយពីឯកឧត្តម កើត រិទ្ធ
    សន្តិសុខសង្គម

    នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ! បុរសដែលអះអាងថាត្រូវលោកឧកញ៉ា ស្រី ចាន់ថន និងបក្ខពួក ចាប់បង្ខាំងខុសច្បាប់ កំពុងដង្ហើយសុំជំនួយពីឯកឧត្តម កើត រិទ្ធ

    May 15, 2025Updated:May 15, 20257 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    លោក ឃាន់ សោភ័ណ្ឌ បានអះអាងថា រូបលោកត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន និងបក្ខពួក ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការ ភ្លាមៗផងដែរ បន្ទាប់ពីហេតុការណ៍កើតឡើង។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន លោកនៅតែអះអាងថា មិនទាន់មានដំណោះស្រាយ ឬទទួលបានយុត្តិធម៌នៅឡើយទេ ។ ដោយក្តីអស់សង្ឃឹម លោកបានអំពាវនាវយ៉ាងទទួចដល់ស្ថាប័នតុលាការ ជាពិសេស ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាពន្លឿនរកដំណោះស្រាយ និងភាពយុត្តិធម៌ជូនរូបលោកផង។

    ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកឧកញ៉ា ស្រី ចាន់ថន ធ្លាប់បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោក ឧកញ៉ា បានដឹកនាំមនុស្ស ១ក្រុម សម្រុកចូលបំផ្លិចបំផ្លាញ និងបានចាប់កូនចៅរបស់លោកឧកញ់ា ស្រី ចន្ធូ ចំនួន ២នាក់ ក្នុងបរិវេណដីកម្មសិទ្ធិរបស់លោកឧកញ៉ា ស្រី ចន្ធូ នៅក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយគ្មានដីកា បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

    លោកឧកញ៉ា បានបញ្ជាក់ថា ធាតុពិតក្នុងហេតុការណ៍នាយប់នោះ ក្រោយពីទទួលទូរស័ព្ទប្អូនស្រីរបស់លោកឧកញ៉ាប្រាប់ថា មានគេកំពុងប្រើគ្រឿងចក្រវាយបំផ្លាញផ្ទះទាំងយប់ ដោយគ្មានការអនុញ្ញាត នៅត្រង់ចំនុចកើតហេតុខាងលើភ្លាម លោកឧកញ៉ា ក៏បានធ្វើដំណើរទៅមើល និងបានប្តឹងសមត្ថកិច្ចឲ្យចុះទៅទីតាំងកើតហេតុ។

    ពេលទៅដល់ទីតាំងកើតហេតុ ក៏ឃើញមនុស្ស ១ក្រុម កំពុងបញ្ជាគ្រឿងចក្រវាយផ្ទះប្អូនស្រីរបស់ខ្លួនទាំងកណ្តាលអាធ្រាត្រ ទាំងបុគ្គលិកក្រុមហ៊ុន 7NG កំពុងស្នាក់នៅ ដែលខុសទៅហ្នឹងច្បាប់រដ្ឋបាល បង្កសំឡេងខ្លាំងៗរំខានដល់ប្រជាពលរដ្ឋដែលនៅជិតខាង ធ្វើឱ្យប្រជាពលរដ្ឋមានផ្ទះជាប់ព្រំគ្នា និងកំពុងមានជំងឺប្រចាំកាយស្រាប់ផងនោះ មានការភ័យរន្ធត់ស្ទើរគាំងបេះដូងថែមទៀតផង។

    ក្រុមសមត្ថកិច្ច (នគរបាល) ក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ហើយក្រុមមនុស្សទាំងនោះគ្រាន់តែឃើញសមត្ថកិច្ចចុះមកដល់ ក៏បាននាំគ្នារត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្របានតាមឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ឈ្មោះ សោម ធារិត ភេទប្រុស និងឈ្មោះ ឃាន់ សោភ័ណ្ឌ ភេទប្រុស បញ្ជូនខ្លួនទៅអធិការដ្ឋានក្រុងអរិយក្សត្រ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

    លោកឧកញ៉ា ស្រី ចាន់ថន បានអះអាងថា ការពិតដីនោះ ជាកម្មសិទ្ធិរបស់ឪពុកលោកឧកញ៉ា តែដោយសារកាលណោះ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន ក៏ដាក់ឈ្មោះ ឧកញ៉ា ស្រី ចន្ធូ ហើយដីនោះក៏ត្រូវបានឪពុករបស់លោកឧកញ៉ា ចែកទៅឱ្យកូនស្រី ជាង ១០ឆ្នាំមកហើយ ហើយឧកញ៉ា ស្រី ចន្ធូ ក៏ទទួលស្គាល់នឹងបានសន្យាថា នឹងកាត់ប្លង់ផ្ទេរសិទ្ធិទៅឱ្យប្អូនស្រីដែរ ប៉ុន្តែ ឧកញ៉ា ស្រី ចន្ធូ ចេះតែរកលេសគេចវេសរហូត។

    នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រុមអ្នកសារព័ត៌មានក៏បានទាក់ទងទៅលោកឧកញ៉ា ស្រី ចាន់ថន តាមរយៈប្រព័ន្ធ Telegram ដើម្បីសុំការបកស្រាយបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ានៅតែបញ្ជាក់ដូចការលើកឡើងពីមុនដដែល ហើយថែមទាំងសង្កត់ធ្ងន់ថា លោកមានមុខមាត់ មានកិត្តិយស ជាបុគ្គលដែលតែងតែធ្វើការងារសង្គម និងកិច្ចការងារនយោបាយ ហើយក៏មានតួនាទីច្បាស់លាស់ក្នុងសង្គម ព្រមទាំងមានងារជាឧកញ៉ាទៀតផង។ ហេតុដូច្នេះ លោកមិនអាចប្រព្រឹត្តអ្វីដែលខុសពីការពិតនោះទេ។

    លោកបានបន្ថែមទៀតថា រាល់សកម្មភាពរបស់លោកគឺតែងតែគិតគូរទៅតាមផ្លូវច្បាប់ ហើយនៅក្នុងករណីនេះ លោកមិនបានទៅចាប់ខ្លួនអ្នកណាម្នាក់នោះទេ ពោលគឺខាងប៉ុស្តិ៍នគរបាល និងអាជ្ញាធរមូលដ្ឋានទេ ដែលជាអ្នកមកនាំខ្លួនជនដែលបានបង្កបញ្ហា និងវាយកម្ទេចផ្ទះប្អូនស្រីរបស់លោក។

    នៅព្រឹកថ្ងៃដដែល អ្នកសារព័ត៌មានរបស់យើងក៏បានបន្តទាក់ទងទៅលោក អាន សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ដើម្បីសុំការបកស្រាយ។ លោកបានឆ្លើយថា មិនមែនលោកជាអ្នកចាប់ខ្លួនជនសង្ស័យនោះទេ ពោលគឺគេចាប់ខ្លួនរួចហើយ ទើបហៅលោកទៅ ដោយពេលនោះ លោកក៏បានទូរស័ព្ទទៅសួរលោកអធិការថា តើគួរចុះទៅកន្លែងកើតហេតុឬអត់? លោកអធិការបានឆ្លើយថា ត្រូវតែទៅ ព្រោះខ្លាចមានការប្រើប្រាស់អំពើហិង្សា។

    អ្នកសារព័ត៌មានរបស់យើងក៏បានសួរលោកមេប៉ុស្តិ៍បន្ថែមទៀតថា តើការចាប់ខ្លួនដល់ក្នុងផ្ទះរបស់អ្នកដទៃ ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ ពីសំណាក់ជនស៊ីវិល ដោយគ្មានដីកាអ្វីទាំងអស់នោះ តើវាត្រឹមត្រូវតាមច្បាប់ ឬខុសច្បាប់? ចំពោះចំណុចនេះ លោកនាយប៉ុស្តិ៍បែរជាបង្វែរប្រធានបទ ដោយលើកឡើងថា ករណីនេះត្រូវបានសម្របសម្រួលគ្នានៅអធិការដ្ឋានរួចហើយ និងបានបញ្ជូនសំណុំរឿងទៅលើអស់ហើយ ដូច្នេះលោកមិនពាក់ព័ន្ធអ្វីទៀតទេ។ បន្ទាប់មក លោកនាយប៉ុស្តិ៍ក៏បាននិយាយថា នៅពេលដែលលោកចុះទៅដល់កន្លែងកើតហេតុ ជនសង្ស័យទាំងពីរនាក់នៅទីនោះ ហើយគេបានឲ្យគាត់អង្គុយ ដោយមិនមានការចាប់ចងអ្វីឡើយ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.