រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុករះម៉ូតូ ៨គ្រឿង នៅលើស្ពានព្រែកក្តាម បណ្ដាលឲ្យរងការខូចខាត ហើយសំណាងណាស់ ដែលមិនបណ្តាលឱ្យមានអ្នករងរបួស ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៣០ មករា ២០២៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីរថយន្ដធុនធំដឹកទំនិញបុកម៉ូតូ ៨គ្រឿងនេះ គឺផ្ដើមចេញពីការឈប់ម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍ទីមួយ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ដោយហេតុការណ៍ដំបូងនោះ គឺមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបុកអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យស្លា-ប់ភ្លាៗ ។ នៅពេលដែលសមត្ថកិច្ចកំពុងអន្ដរាគមន៍ ក៏មានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរផ្សេងទៀត នាំគ្នាឈប់មើលលើដងផ្លូវ ។ នៅពេលនោះ ក៏មានរថយន្ដដឹកទំនិញធុនធំមួយមកដល់ ក៏បុករះម៉ូតូចំនួន ៨គ្រឿង ដែលកំពុងឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសឡើយ សម្រាប់ករណីទីពីរនេះ ។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំពោះរថយន្ដបង្កករណីទី១ ដែលបណ្ដាលឲ្យមានអ្នកស្លាប់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ ប្រភព FN