ជនសង្ស័យ ប្រុស-ស្រី ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វិហារលួង ឆ្មក់បង្ក្រាបឃាត់ខ្លួន ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅចំណុចទ្វារទំនប់ទឹកក្រាំងប្រលៃ ភូមិប្រក់ក្ដា ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ២នាក់ខាងលើ ទី១ ឈ្មោះ ប៊ិន ចាន់វាសនា ហៅ ម៉ៅ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិចិនដាំម្លូ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ០១លើក រយៈពេល ២ឆ្នាំពីបទហិង្សា និងទី២-ឈ្មោះ រី សុម៉ាលី ហៅ អ៊ួយ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិប្រក់ក្ដា ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯវត្ថុតាងរឹបអូសរួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ICE) ០២ កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ២គ្រឿង, បារីអេឡេចត្រូនីចចំនួន ០១ដើម(YOOZ), ដែកកេះចំនួន ០២ដើម និងម៉ូតូ ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ និង វត្ថុតាង បានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី ៕