យុវជនម្នាក់ បានរងរបួសធ្ងន់ រីឯបុរសវ័យចំណាស់ម្នាក់ទៀតរងរបួសស្រួល បន្ទាប់ពីម៉ូតូរបស់ពួកគាត់បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៨ មករា ២០២៦ នៅលើកំណាត់ផ្លូវជាតិ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AN-8202 បើកបរដោយឈ្មោះ សុខ ជីដិន ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត កណ្ដាល (មិនពាក់មួកសុវត្ថិភាព) បើកបរម៉ូតូឆ្លងផ្លូវចេញពីផ្ទះមានទិសដៅពី ជើងទៅត្បូង ក៏បានបុកជាមួយម៉ូតូម៉ាក HONDA WINNER X ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AS-7072 បើកបរដោយឈ្មោះ វ៉ា សុវត្តី ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (មិនពាក់មួកសុវត្ថិភាព) បើកបរម៉ូតូមានទិសដៅពី លិច ទៅ កើត បណ្ដាលឲ្យអ្នកបើកម៉ូតូម៉ាក HONDA WINNER X រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។ ចំណែក អ្នកបើកម៉ូតូម៉ាក HONDA DREAM រងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរដោយខ្លួនឯង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកម៉ូតូម៉ាក HONDA DREAM បើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូម៉ាក HONDA WINNER X ក៏បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕