កម្លាំងនគរបាលក្រុងច្បារមន កាលពីថ្ងៃទី ២៩ វិច្ឆិកា ម្សិលមិញ បានធ្វើការស្រាវជ្រាវ ឈានឃាត់ខ្លួនមុខសញ្ញា ដែលបានកាប់ជនរងគ្រោះឈ្មោះ នី ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឲ្យដាច់-ក-ដៃខាងឆ្វេង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៥៧នាទី នៅចំណុចលើផ្លូវលេខ១០៤ មុខផ្ទះសំណាក់ជំនោររាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ៤៥ម៉ោង និងឈានទៅឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ដោយទី១-ឈ្មោះ អៀង ភូមិរ៉ា ហៅវ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជាជនដៃដល់កាប់ទៅលើជនរងគ្រោះ) និងទី២-ឈ្មោះ បូ កុសល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅចំណុចខាងត្បូងផ្សាររាត្រីកំពង់ស្ពឺ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងច្បារមន ហើយពួកគេជនសង្ស័យបានផ្ដល់ចម្លើយសារភាពថា៖ ខ្លួនបានជិះម៉ូតូ ម៉ាកស៊ុយស៊ូគីឡេត ពណ៌ខ្មៅ ពាក់ផ្លាក លេខ1V-8974 ដឹកឈ្មោះ អៀង ភូមិរ៉ា ហៅវ៉ាន់ រួចបានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃ ប្រាកដមែន ៕



