ផ្តើមចេញពីទំនាស់ពាក់សម្តី រវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាដូចគ្នា ឈានដល់យកភ្លើងដុតក្នុងបន្ទប់ជួល បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទាំងយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ SARAB JIT ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិឥណ្ឌា មុខរបរចុងភៅបានប្រាប់ថា៖ មុនពេលកើតហេតុ គឺមានជនជាតិឥណ្ឌាដែលមកជួលបន្ទប់ដាក់សម្ភារៈទាស់ទែងខ្វែងគំនិតគ្នា បន្ទាប់មកក៏ដុតភ្លើក្នុងបន្ទប់នោះ រួចបិទទ្វារដើរចោលគាត់តែម្តងទៅ ហើយក្នុងហេតុការណ៍នេះ បានបង្កឲ្យឆេះបន្ទប់ធ្វើអំពីថ្ម ទំហ៊ុំ ៣មx៤ម មានដំបូលប្រក់ក្បឿង ពិដានម្នាងសិលា ខូចខាត ៨០ភាករយ និងសម្ភារៈប្រើប្រាស់មានតំលៃមួយចំនួនទៀត ដែលមិនទាន់គណនាបាន ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០១គ្រឿង អស់ទឹក០១ស៊ីទែន ប្រើប្រាស់បំពង់ឧស្ម័នពន្លត់អគ្គីភ័យអស់ចំនួន ៣បំពង់ ទើបអាចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២១ និង៥០នាទីយប់ថ្ងៃដដែល ៕










