ជនសង្ស័យជាម្ចាស់គ្រឿងញៀនម្នាក់ និងអ្នកស៊ីឈ្នួលកាន់លក់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយឆ្មក់បង្ក្រាប ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀនជាមួយគ្នា នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង ១៨ និង០៥នាទីព្រលប់ ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២៤ ចំណែកឯមេក្លោងប្រចាំតំបន់បានរត់គេចខ្លួនមុនកម្លាំងនគរបាលចុះទៅដល់ ។
លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងឈ្មោះ ឆិះ ម៉ឺន ហៅចយ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅផ្ទះរបស់ ចាន់ សៅ មានក្រុមជនសង្គមងងឹតជួបជុំគ្នាជួញដូរគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលដីឥដ្ឋ បានចុះដល់ឃាត់ខ្លួន ឈ្មោះ ឆិះ ម៉ឺន ហៅចយ និង ចាន់ សៅ ឆែកបានថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់ ព្រមទាំងសម្ភារៈវេចខ្ចប់មួយចំនួន សល់ពីការលក់ឱ្យម៉ូយនិងប្រើប្រាស់។ ក្រោយឃាត់ខ្លួន ឈ្មោះ ឆិះ ម៉ឺន បានឆ្លើយថា ខ្លួនបានស៊ីឈ្នួលលក់គ្រឿងញៀនឱ្យឈ្មោះ ចាន់ សៅ ជាង២ខែមកហើយ ដែលក្នុង១ថ្ងៃៗ ខ្លួនបានទទួលយកថ្នាំញៀន ទៅលក់ឱ្យគេ ប្រមាណ១០កញ្ចប់ ជាថ្នូរនិងបានគ្រឿងញៀនជក់ និងប្រាក់បន្តិចបន្តួចចាយ ។ រីឯ ឈ្មោះ ចាន់ សៅ បានសារភាពថា ខ្លួនពិតជាបានថ្នាំញៀនទៅ ឈ្មោះ ឆិះ ម៉ឺន យកទៅលក់ប្រាកដមែន ដែលមានចំនួនជាង៥០លើកមកហើយ ហើយគ្រឿងញៀន ដែលខ្លួនយកមកលក់ និងឱ្យទៅ ឆិះ ម៉ឺន យកទៅលក់បន្តនេះ គឺបានទិញពីឈ្មោះ ជ័យ ភារៈ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិរទាំង ឃុំភូមិធំ។ បន្ទាប់ពីទទួលបានចម្លើយ នាវេលាម៉ោង០៤និ១០នាទីទៀបភ្លឺ ថ្ងៃទី០៥ វិច្ឆកា កម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធផ្ទះ ជ័យ ភារៈ ប៉ុន្តែ រូបគេបានគេចមិននៅផ្ទះនោះទេ ហើយបច្ចុប្បន្ន ជនសង្ស័យទាំង២ កំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី និងបន្តតាមប្រម៉ាញ់ ជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន ៕




