ជនសង្ស័យសមាជិកក្រុម BBK ចូលកាប់ដល់ផ្ទះចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីនាំគ្នាកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ ចំណែកឯបក្សពួកចំនួន ៨នាក់ទៀតដែលរត់គេចសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ ។
លោក វរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ បូ លិ ភេទប្រុស អាយុ ១៧ឆ្នាំ ជា កម្មកររោងចក្រ និងទី២-ឈ្មោះ ជៀវ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស ពួកគេស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងយើងធ្វើការឃាត់ខ្លួន កាលពីពាក់កណ្តាលយប់ថ្ងៃទី៣១តុលា ឆ្លងចូលថ្ងៃទី០១ វិច្ឆកា ២០២៤កន្លងទៅ នៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល បានបញ្ជូនទៅតុលាការហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
លោកអធិការបានឲ្យដឹងទៀតថា ក្រុមនេះ មានរហស្សនាមថា BBK ចូលកាប់ដល់ផ្ទះ ដែលកាលពីយប់ដែលពួកគេធ្វើសកម្មភាព មានគ្នាសរុបចំនួន១០នាក់ ហើយក្រោយធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ ពួកគេបាននាំគ្នារត់គេច ប៉ុន្តែ កម្លាំងយើងបានធ្វើការប្រដេញនិងពួនស្ទាក់ឃាត់បានចំនួន២នាក់ភ្លាមៗ។ លោកមានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សៀក សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល បានជិះម៉ូតូទៅយកមិត្តភក្រ្ត័ នៅភូមិបែកចាន ហើយនាំគ្នាទៅផឹកស្រាបៀរនោមុខតំបន់ឈុនហុង ក្នុងភូមិកើតហេតុ។ ផឹករហូតដល់ម៉ោង២៣និង១០នាទី ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា១០នាក់ជិះម៉ូតូចំនួន៦គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់និងដាវ៤ដើមផងនោះ ចូលមកធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ខ្លួន ធ្វើឱ្យខូតខាតយ៉ាងដំណំ រួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅខាងលិចអស់ទៅ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកនគរបាលយុត្តធម៌ស្រុក បានសហការជាមួយប៉ុស្តិបែកចាន ប៉ុស្តិពើក ប៉ុស្តិព្រៃពួច និងប៉ុស្តិដំណាក់អំពិល ចេញស្ទាក់និងឃាត់ខ្លួនជនសង្សយ័បាន០២នាក់ នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំតាមនិតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកទាំងអស់១០នាក់ កាន់កាំបិតផ្គាក់០២ដើម និងដាវ០២ដើម ហើយបានកាប់ម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយមិនមានគំនុំអ្វីពីមុនមកនោះទេ គឺ កាប់លេងសប្បាយ៕






