ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូម៉ាកស្មាស ដែលជិះផ្លូវត្រង់បុកពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រី រងរបួសធ្ងន់ (បាក់ជើង) រីឯភាគីម៉ូតូស្មាស់ ក៏រងរបួសធ្ងន់ផងដែរ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1V-3826 បើកបរដោយឈ្មោះ វន សុខឃឹម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) បានឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ។ ពេលបើកបរឆ្លងផ្លូវមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1O-4037 បើកបរដោយឈ្មោះ សុង តៃលាង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ក៏បានមកបុកជាមួយម៉ូតូ HONDA DREAM C125 ដែលបើកឆ្លងផ្លូវខាងលើ បណ្ដាលឲ្យម៉ូតូទាំងពីរដួល រងរបួសធ្ងន់ទាំងសងខាង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែង រួចនាំយកយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។ ចំណែកអ្នករបួសទាំងពីរ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូ HONDA DREAM C125 មានការធ្វេសប្រហែស មិនបានពិនិត្យមើលស្ថានភាពផ្លូវ មុនពេលបើកឆ្លងផ្លូវ ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕





