មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាលដួលដេករណូករណែលពេញដងផ្លូវ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ប្រភពពីសមត្ថកិច្ចបានឲ្យឹដឹងថា មុនពេលកើតហេតុ គេឃើញមានមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-2213 បើកបរដោយឈ្មោះ សាំង ខ្លា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង មិនពាក់មួកសុវត្តិភាព (របួសស្រាល) ដោយមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ កេង ណុម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនពាក់មួកសុវត្តិភាពទេ (របួសធ្ងន់) ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG- 2992 បើកបរដោយ ឈ្មោះ រ៉ា ពុធ្ធីសាន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអូ២ ឃុំដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានពាក់មួកសុវត្តិភាព (របួសធ្ងន់) មានអ្នករួមម្នាក់ឈ្មោះ ឡង សុខរត់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា មានពាក់មួកសុវត្តិភាព (របួសស្រាល) ដែលធ្វើដំណើរ ពីត្បូងទៅជើង ហើយបានមកបុកម៉ូតូដែលឆ្លងផ្លូវខាងលើ បណ្ដាលអោយរបួសស្រាល ២នាក់ និងរបួសធ្ងន់ ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង១ ទាំង ៤នាក់ ។
ក្រោយទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍ឫស្សីជ្រោយ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយកម៉ូតូទាំង២ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដា សេ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-2213 បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ៕





