ជនរងគ្រោះជនជាតិចិនម្នាក់ និងខ្មែរមា្នក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ជួយសង្គ្រោះទាន់ពេលវេលា ក្រោយចាញ់ការអន្ទងរបស់ក្រុមជនសង្ស័យឱ្យមកទទួលយកពួកគេនៅឯរាជធានីភ្នំពេញ ហើយធ្វើសកម្មភាពចាប់បញ្ចូលរថយន្ត បើកចេញទៅស្រុកពញាឮ ធ្វើការជំរិត ។
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២២ តុលា ២០២៤ ម្សិលមិញ ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរអាហារដ្ឋានយីហោ «ជំនោរជើងភ្នំឧដុង្គ» ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជារឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ ចេញប្រតិបត្តិភ្លាមៗ ហើយលោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ ក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន ២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកកលេខ ភ្នំពេញ 2AX-9081 ០១គ្រឿង និងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-7571 ០១គ្រឿង កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ ហើយបានឃើញមនុស្សប្រុសចំនួន ៣នាក់រត់ចេញពីក្នុងរថយន្ត សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ បន្ទាប់មកកម្លាំងយើងបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះចំនួន ២នាក់ រួមមាន ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន អាយុ ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុង កាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង កំពុងអង្គុយក្នុងឡាន ពណ៌ ស ក្នុងស្ថានភាព ដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង២ជាប់ចំណង ព្រមទាំង ឈ្មោះ ម៉ៅ ភក្តី ហៅ ភក្រ័្ត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរមានទីលំនៅភូមិ ស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ដៃជាប់ខ្នោះនៅក្នុងឡានជាមួយគ្នា) ។ ភ្លាមនោះកម្លាំងមួយផ្នែកក៏បានដេញតាមក្រុមជនសង្ស័យ និងឃាត់ពួកគេទាំង៣នាក់ រួមមានទី ១ ឈ្មោះ AMANBEK ZHAIDER ភេទប្រុស អាយុ២៤ឆ្នាំ កាន់ Passport លេខ N14980188 ទី២ ឈ្មោះ MUZBOLAT ភេទប្រុស អាយុ២៧ឆ្នាំ កាន់ Passport លេខ N 12705569 និងទ ៣-ឈ្មោះ AMAN SYRLYBAY ភេទប្រុស អាយុ២៤ឆ្នាំ គ្មានប៉ាស្ព័រ ហើយពួកគេទាំង៣នាក់សុទ្ធសឹងជាជនជាតិកាហ្សាស្ថានទាំងអស់ ។
លោកឧត្តមសេនីយ៍ អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងយើងក៏បានផ្ទុះអាវុធ គម្រាមជនសង្ស័យដើម្បីកុំឱ្យរត់ផងដែរ ហើយតាមការសាកសួរបឋម ក្រុមជនសង្ស័យបានទូរសព្ទ័ ប្រាប់ទៅជនរងគ្រោះ ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន ឱ្យចេញពីកាស៊ីណូលីម៉ាកាវ នៅឯក្រុងបាវិត ខេត្តស្វាយរៀង ឱ្យមកយកមនុស្ស៣នាក់ នៅរាជធានីភ្នំពេញ តាមLocation ដែលគេទម្លាក់ឱ្យ។ ភ្លាមនោះជនរងគ្រោះ ក៏បានឡើងរថយន្តជាមួយអ្នកបើកបរ ឆ្ពោះមកភ្នំពេញ តាមការណាត់ ហើយនៅពេលមកដល់ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់វាយខ្នោះ និងចងដៃ ចងជើង ពួកគេ និងបើករថយន្តទៅឈប់នៅទីតាំងកើតហេតុខាងលើក៏បែកការណ៍ដឹងដល់សមត្ថកិច្ចចុះបង្ក្រាបបានតែម្តងទៅ ហើយតាមការសន្និដ្ឋាន ជនសង្ស័យអាចនឹងមានបក្សពួកបន្ថែមទៀត ហើយបច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់សួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕








