ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្រឿងញៀន ៧កញ្ចប់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ កាលពីវេលាម៉ោង ១១.២៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១- ឈ្មោះ ណុប ឆក ភេទប្រុស អាយុ ៣៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិទួលស្ពឺ ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះ គ្រុយ សៀកខៃ ភេទប្រុស អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យ វិជ្ជមានសារធាតុញៀនទាំងពីរនាក់ ។ ចំណែកសម្ភារៈ និងវត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ៧កញ្ចប់តូច និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកអធិការបានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំ ក៏មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កំពុងធ្វើសកម្មភាព នៅទីតាំងកើតហេតុខាងលើ ។ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងនគរបាលយើង ក៏បានទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងខាងលើ បញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ណុប ឆក បានសារភាពថា៖ ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះព តជារបស់ខ្លួនប្រាកដមែន ដែលទិញពីរបុរសម្នាក់ឈ្មោះ ចាន់ លីន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ក្នុងមួយកញ្ចប់ធំ តម្លៃ ២៨០.០០០រៀល (ម្ភៃប្រាំបីម៉ីនរៀល) រួចរំលែកជាកញ្ចប់តូចលក់ក្នុងតម្លៃ ១៥.០០០រៀល (មួយម៉ឺនប្រាំពាន់រៀល) ក្នុងមួយកញ្ចប់ និងធ្លាប់លក់ថ្នាំឲ្យទៅឈ្មោះគ្រុយ សៀកខៃ ដែរ ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចក៏បានបន្តស្វែងរកជនសង្ស័យឈ្មោះ ចាន់ លីន ប៉ុន្តែជនសង្ស័យបានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕



