ផ្តើមចេញពីទំនាស់ពាក្យសម្តី ប្អូនបង្កើត បានវាយបងប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួស ចំណែកបងប្រុសកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្អូនប្រុសចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងលក់គ្រឿងអល័ង្ការ (ផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាបងមានឈ្មោះ តឹក លាងហេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យជាប្អូនឈ្មោះ តឹក លាងហ៊ង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា រវាងជនសង្ស័យ និងជនរងគ្រោះ គឺជាបងប្អូនបង្កើតនឹងគ្នា ប៉ុន្តែពួកគេពុំសូវត្រូវគ្នានោះទេ ។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យដែលត្រូវជាប្អូនប្រុសបង្កើតបានស្រែកជេរប្រមាថមើលងាយទៅលើក្រុមគ្រួសារជនរងគ្រោះ ដោយចោទប្រកាន់ថា ជនរងគ្រោះបាននិយាយដើមខ្លួនរឿងទៅជក់ថ្នាំញៀនកន្លងមក ដូចនេះ ហើយធ្វើឲ្យជនសង្ស័យខឹង ក៏បានដើរទៅជេរប្រមាថមើលងាយក្រុមគ្រួសារជនរងគ្រោះដល់មុខផ្ទះ ធ្វើឲ្យមានទំនាស់ពាក្យសំដីនឹងគ្នាទៅវិញទៅមកពេ លនោះជនសង្ស័យខឹងខ្លាំងពេក ក៏បានស្ទុះចូលទៅវាយលើជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឲ្យត្រូវចំកែវភ្នែកខាងឆ្វេងជាំក្រហម និងត្រូវចំក្តោងច្រមុះបែកហូរឈាម ភ្លាម នោះប្រពន្ធជនរងគ្រោះ និងប្រពន្ធជនសង្ស័យ រួមជាមួយអ្នកជិតខាងបាននាំគ្នាចូលទៅចាប់ឃាត់បំបែកអ្នកទាំងពីរចេញទៅរៀងៗខ្លួន ។ ក្រោយមកជនរងគ្រោះជាបង កើតទុក្ខពុំសុខចិត្ត ក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយអន្តរាគមន៍ និងចាប់ឃាត់ជនសង្ស័យយកមកចាត់ការតាមនិត្តិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះតឹក លាងហ៊ង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះតឹក លាងហេង ដែលជាបងប្រុសបង្កើតពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការរដ្ឋានគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕