កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (ទ.រ.ព.អ) ខេត្តកណ្តាល សហការជាមួយអាជ្ញាធរស្រុកកោះធំ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៏ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល ប្រមាណជាង ២០០នាក់ ។
ថ្លែងក្នុងពិធីនេះ លោក គា ប៊ុនថន ប្រធានមន្ទីរ ទ.រ.ព.អ ខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឲ្យបានច្បាស់លាស់ និងសកម្ម រួមគ្នាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឲ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់ចរាចណ៍ផ្លូវគោកនេះ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្តផងដែរ ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក គា ប៊ុនថន បានថ្លែងបន្តថា៖ ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតំរូវឲ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ បញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម ។
លោកបានបន្ថែមថា៖ បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អាចបណ្ដាលអោយយើងពិការ ឬបាត់បង់ជីវិត ហើយការកកស្ទះចរាចរណ៍នៅតែកើតមានដែលបណ្តាលអោយខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម ហេតុនេះយើងមិនត្រូវបណ្ដោយអោយអាយុជីវិត និងពេលវេលារបស់យើងខាតបង់ដោយសារតែបញ្ហានេះឡើយ ៕













