កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍គគីរ និងប៉ុស្តិ៍ដីឥដ្ឋ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ បុត្រ កក្កដា ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) មុខរបរ កម្មករ រោងចក្រ មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ៣ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន, ទី២-ឈ្មោះ ផេង ដេវីត ភេទប្រុស អាយុ ២១ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, ទី៣- ឈ្មោះ ឈុន និត (ហៅឃួច) ភេទប្រុស អាយុ ២៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, ទី៤-ឈ្មោះ ពេញ ចរិយា (ហៅពូក) ភេទប្រុស អាយុ ៣៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ៣ឆ្នាំ ), ទី៥-ឈ្មោះ អ៊ុក សុភា ភេទប្រុស អាយុ ២៥ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ, ទី៦- ឈ្មោះ ជុំ លីណា ភេទប្រុស អាយុ ៣៥ឆ្នាំ (ខ្មែរ) មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី៧-ឈ្មោះ ឡាង ស្រីមុំ ភេទស្រី អាយុ ៣៥ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ (តូច០១ ធំ០២) ទំងន់ ១៧.៥២ក្រាម, សម្ភារះវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, ម៉ូតូ០២ គ្រឿង, ទូរសព្ទ័ចំនួន ០១គ្រឿង, កាំបិតបន្ទោះ ផ្លែដែកដងឈើ០១ដើម, កាំបិតសាំងគីម ០១ដើម, ដាវកែឆ្នៃ ០១ដើម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ និងកាំភ្លើងកែឆ្នៃ ០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕



