បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ហើយតែងតែផឹកស្រាបៀនោះ ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតជាប់នឹងមែកដើមអំពិលទឹកបារាំង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សពជនរងគ្រោះមានឈ្មោះ ហម ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបុរីសុភមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញក្រម៉ាក្រឡាការ៉ូពណ៌សលាយក្រហម និងកន្សែងពណ៍បៃតង ប្រវែង ១.៦០ម៉ែត្រ, ស្បែកជើងស៊កពណ៍ខ្មៅ ១គូរ, មួកកន្តឹបពណ៍ខៀវចំនួន១, កង់ពណ៍ខៀវចំនួន១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ។

តាមការបំភ្លឺរបស់ឈ្មោះ ហម ប៊ុនធែល ភេទប្រុស អាយុ ៦៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះកើតមានជំងឺសរសៃរប្រសាទរយៈពេលប្រមាណ ៣ឆ្នាំមកហើយ និងចូលចិត្តផឹកស្រាបៀខ្លាំងណាស់ ហើយមួយរយៈពេលនេះ ជនរងគ្រោះមិនបានផឹកថ្នាំទេ ធ្វើឲ្យដើរនិយាយពីនេះពីនោះ តែម្នាក់ឯង ។ លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ២០និង៣០នាទី កូនរបស់គាត់បានជិះកង់ចេញពីផ្ទះមិនដឹងទៅណា ។ រហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងជាង ៧ព្រឹក ក៏មានប្រជាពលរដ្ឋប្រទះឃើញមនុស្សចងកនៅក្រោមដើមអំពិលទឹកបារាំង ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយមានកង់នៅជាមួយ ពេលនោះនាំគ្នាទៅមើលទើបដឹងថា ជាកូនរបស់គាត់ដែលបាត់រកមិនឃើញ ។ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត ពិតប្រាកដមែន និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕