Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល នឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ
    ព័ត៌មានជាតិ

    គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល នឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ

    May 31, 2024Updated:May 31, 202427 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គិតត្រឹមចុងខែឧសភានេះ សម្រេចបានប្រមាណ ៩៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ខាងមុខ ។ នេះជាការត្រៀមលក្ខណៈសម្រាប់ខែវស្សាកំពុងចូលមកដល់ ហើយរំពឹងថា អាចនឹងបញ្ចៀសបាននូវគ្រោះធម្មជាតិ ដែលធ្លាប់បានជួបនាគ្រាកន្លងមកនៅតំបន់ទាំងនេះ ។

    ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា វឌ្ឍនភាពការងារដែលសម្រេចបានប្រមាណ ៩៥ ភាគរយនេះ ក្នុងនោះមាន៖ ១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ , ២.ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ , ៣.ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និង ទី៤. រៀបចំស្តារ និងក្រាលថ្មភ្នំប្រឡាយ ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ ។

    ជារៀងរាល់ឆ្នាំនៅរដូវវស្សា បរិមាណទឹកភ្លៀងដ៏ច្រើនបានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានា ហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើងពី ១.៣០០ ទៅ ២.០០០ម៉ែត្រគូប ក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូប ក្នុងមួយវិនាទី រួមផ្សំកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិច តំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល ។

    ជាដំណោះស្រាយទប់ទល់នឹងស្ថានភាពប្រឈមនេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសមាហរណកម្មផែនការ ការងារដោះទឹក និងបង្វែរទឹកភ្លៀង ជំនន់ទឹកភ្លៀងគ្រប់ច្រក ចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួល បន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីតំបន់ជុំវិញ រាជធានីភ្នំពេញ ទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ។ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ ទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធលូនានា និងប្រព័ន្ធចម្រោះទឹកកខ្វក់ ។

    គួរបញ្ជាក់ដែរថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ។ ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១-ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ , ទី២-ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល , ទី៣-ស្តារប្រឡាយ ៩០ និងប្រឡាយ ៩៦ក្នុងខេត្តកណ្តាល , ទី៤-ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល , ទី៥-កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦-សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន ២៧គ្រឿង។

    ពាក់ព័ន្ធនឹងគម្រោងនេះដែរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តបតាមការចង្អុលបង្ហាញ ប្រកបដោយយុទ្ធសាស្ត្រជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជន់លិច ក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់លិចទឹក ជាប្រចាំ តំបន់លិចទឹកហើយ និងស្រកទៅវិញ និងតំបន់លិចទឹក ដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំនូវផែនការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាព ដល់រាជធានីភ្នំពេញ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.