យុវជនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយបានវ៉ាជែងរថយន្តធន់ធំមួយគ្រឿង ដែលនៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយ បណ្តាលឲ្យខ្ទាតមនុស្ស ២នាក់ មកខាងស្តាំងដៃវិញ ក៏ត្រូវរថយន្តដែលខ្លួនវ៉ានោះកិនតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រ្ង់ចន្លោះគីឡូម៉ែត្រ ២៧-២៨ មុខជញ្ជីងថ្លឹងរថយន្តស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនរងគ្រោះទាំង ៣នាក់ខាងលើ ទី១-ឈ្មោះ ផៃ បុប្ផា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកបើកម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ លឹម លាង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកេីតហេតុ) និងទី៣-ឈ្មោះ ទន់ រ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (របួសស្រាល) ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y-9377 ជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលខ៤ មានទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានវ៉ារថយន្តធន់ធំមួយគ្រឿង ស្របពេលដែលវ៉ារថយន្តខាងមុខមិនទាន់ផុតផង ក៏ជ្រុលចង្កូតចូលចំណែកផ្លូវយាន្តម្ខាងទៀត ទៅបុករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BY-5300 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យមនុស្ស ២នាក់ ខ្ទាតមកខាងស្ដាំវិញ ក៏ត្រូវបានរថយន្តធន់ធំ ដែលម៉ូតូបានវ៉ាខាងលើ កិនស្លាប់នៅនឹងកន្លែងកតហេតុទាំង ២នាក់តែម្ដង និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។ បន្ទាប់ពីកិនមនុស្សស្លាប់ រថយន្តធន់ធំនោះ មិនបានឈប់ទេ បានបើកគេចបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះទៅធ្វើការវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕







