អ្នកផលិតមាតិកាបាល់ទាត់នៅកម្ពុជា យើងមិនសូវជាឃើញមាននោះទេ ប៉ុន្តែនៅ ២ឆ្នាំ ចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញមានលោក សេង ភក្តី (Pheakdey Seng) បច្ចុប្បន្នលេងក្នុងក្រុម Cambodia Football Super Star ដែលប្រជុំដោយអ្នកសិល្បៈជាច្រើននាក់ គាត់បានចាប់ផ្តើមធ្វើមាតិកាចែករំលែកអំពីការប្រើប្រាស់ស្បែកជើងបាល់ទាត់ ការលេងលើទីលាន និងប្រភេទវីដេអូសប្បាយៗជាដើម ។

បើតាមលោក សេង ភក្តី គ្រាន់តែការប្រើប្រាស់ស្បែកជើង ក៏យើងត្រូវមានការយល់ដឹងឱ្យបានច្បាស់ផងដែរ ហើយនេះជាចំណុចតូចមួយ ដែលអ្នកលេងបាល់ជាច្រើនពុំសូវចាប់អារម្មណ៍ ។

លោកថា សម្រាប់ស្បែកជើងបាល់ទាត់ Original ពិតជាមានតម្លៃថ្លៃ និងងាយខូចខាតខ្លាំងណាស់ ប្រសិនបើយើងប្រើប្រាស់វាខុសប្រភេទទីលាន ព្រោះបច្ចុប្បន្នយើងឃើញថាមាន ទីលានស្មៅធម្មជាតិ, ទីលានស្មៅសិប្បនិម្មិត និង Turf ផងដែរ ។

អ្នកផលិតមាតិកាបាល់ទាត់នៅកម្ពុជារូបនេះ បានចែករំលែកផងដែរអំពីប្រភេទស្បែកជើងដែលយើងគួរជ្រើសរើស ការទិញស្បែកជើង គឺតម្រូវតាមប្រភេទជើង និងទីលានដែលយើងលេងជាប្រចាំ ហើយខាងក្រុមហ៊ុនក៏បានផលិតមកផ្សេងៗគ្នាសម្រាប់អ្នកប្រើប្រាស់ផងដែរ ដូចជា៖

-ទីលានស្មៅធម្មជាតិ យើងគួរប្រើស្បែកជើងបាតឈ្មោះ Firm Ground (FG) ដែលមានធ្មេញវែង ស្រាល ងាយបត់បែន
-ទីលានស្មៅធម្មជាតិ មានដីទន់ល្អ ឬងាយរអិល យើងគួរប្រើស្បែកជើងបាតឈ្មោះ Soft Ground (SG) ដែលមានធ្មេញវែង ចាក់ចូលដីបានជ្រៅ
-ទីលានមានដីរឹង យើងគួរប្រើស្បែកជើងបាតឈ្មោះ Hard Ground (HG) ដែលមានធ្មេញរឹងខ្លាំង មិនងាយបាក់ ហើយក៏មិនធ្ងន់ជាងបាតផ្សេងប៉ុន្មានដែរ

-ទីលានស្មៅសិប្បនិម្មិត (ស្មៅមានសរសៃ) យើងគួរប្រើស្បែកជើងបាតឈ្មោះ Artificial Grass (AG,AG Pro, MG) ដែលមានភាពរឹងមាំ ផ្តល់អារម្មណ៍ទន់ពេលរត់ វាមានភាពស៊ីគ្នាល្អជាមួយទីលាន
-ទីលានស្មៅសិប្បនិម្មិត (ស្មៅសរសៃខ្លីៗ) យើងគួរប្រើស្បែកជើងបាតឈ្មោះ Turf ជាប្រភេទមានក្រឡាជួយមិនអោយរអិល វាមានរូបរាងស្រដៀងស្បែកជើងប៉ាត់តា
-ទីលានក្នុងសាល (Futsal) មានប្រភេទស្បែកជើងសម្រាប់លេង Futsal ផ្សេង ដែលយើងងាយចំណាំ
សម្រាប់អ្នកធ្លាប់មានរបួស ឬ វ័យច្រើន គាត់បានណែនាំឲ្យប្រើប្រាស់ ស្បែកជើង បាត (Multi Ground & Turf) ដែលវាមានសភាពទាប ទប់លំនឹងខ្លួនបានល្អ មិនឈឺជង្គង់ ។
សរុបមក គាត់បានបញ្ជាក់ផងដែរថា ការប្រាស់បានត្រឹមត្រូវ វាអាចជួយឲ្យយើងមិនងាយរបួស មិនរអិល មិនងាយប៉ះពាល់សរសៃ ACL ពិសេស ជួយឲ្យប្រើប្រាស់បានយូរផងដែរ ៕