កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥, កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ បានឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ ។
ពលរដ្ឋខ្មែរទាំង ៣០០នាក់ ខាងលើ មានស្រី ១៥៤នាក់ កុមារ ២៦នាក់ ត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ពលរដ្ឋទាំងនោះ ភាគច្រើនគឺមកពីបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។
ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ សូមឱ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់ ៕









