ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ ចុះបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ។
ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១-ឈ្មោះ កាន់ យ៉ុង អាយុ ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងទី២-ឈ្មោះ សួង តារា អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បន្ទាប់ពីឃាត់ខ្លួនជសង្ស័យទាំង ២នាក់ខាងលើ កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ មួកកាសស្កេតពណ៌ត្រេអ៊ី២, សម្លៀកបំពាក់យោធាលេខ៣ (២កំប្លេរ), ខ្សែក្រវាត់យោធា១, ស័ក្ដិ ២គូ, គ្រឿងគ្រឿងឥស្សរិយយស ២ផ្ទាំង, ផ្លាកឈ្មោះ១, សញ្ញាអគ្គបញ្ជាការ២, សញ្ញាកងយោធពលខេមរភូមិន្ទ២, ស៊ីងកាំភ្លើងពាក់កអាវ ២គូ, សញ្ញាកងការពារព្រំដែន១ (ក្រណាត់), សេចក្ដីសម្រេចតែងតាំង ២សន្លឹក, លិខិតបញ្ជាបេសកកម្ម១សន្លឹក, Laptob ១គ្រឿង, រថយន្ដ១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425 និងលិខិតធានាមិនទាន់បំពេញ៣សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


