រដ្ឋបាលស្រុកវាលវែង បានចេញលិខិតបំភ្លឺ ពាក់ព័ន្ធករណីការឈូសឆាយដីធ្លី នៅចំណុចស្រែអំពិល ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយនូវអត្ថបទដែលមានខ្លឹមសារថា៖ «ដីព្រៃនៅ ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង កំពុងប្រឈមហានិភ័យតាមរយៈឈ្មួញកំពុង ឈូសឆាយដាំដំណាំផ្សេងៗ» ។
រដ្ឋបាលស្រុកវាលវែង បានបកស្រាយបំភ្លឺយ៉ាងដូច្នេះថា៖ «ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក កុយ វណ្ណៈ នាយករដ្ឋបាលស្រុកស្តីទី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងជាក់ស្តែង ជាលទ្ធផលឃើញថា មានការឈូសឆាយ ពិតមែន ប៉ុន្តែការឈូសឆាយនោះ ស្ថិតនៅលើទីតាំងដីប្លង់រឹងបទបញ្ជា ០១ ប.ប ប្រមាណ ៤០ភាគរយ ក្រៅពី នោះគឺដីរបស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ហើយស្ថិតនៅក្នុងអនុក្រឹត្យ២៤៥ ហើយទីតាំងនេះនៅក្រៅ តំបន់ការពារធនធានធម្មជាតិ និងបរិស្ថាន មិនមែនស្ថិតនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ឬ ជាប់ជើងភ្នំដូចសារព័ត៌មានបានចុះផ្សាយនោះទេ ។
ការចុះផ្សាយរបស់គេហទំព័រ ឬសារព័ត៌មាន ដែលបានចុះផ្សាយមិនពិតធ្វើឱ្យមានការយល់ច្រឡំពី មហាជន រដ្ឋបាលស្រុក សូមធ្វើការបដិសេធទាំងស្រុង ក្នុងការចុះផ្សាយនេះ និងសូមឱ្យគេហទំព័រ និងសារព័ត៌មានដែលបានចុះផ្សាយខាងលើធ្វើការកែសម្រួលខ្លឹមសារឡើងវិញ ៕





