ប្រជាពល អ្នកដំណើរ ដែលបានជិះឆ្លងកាត់ស្ពានព្រែកសំរោង បាននាំគ្នាស្ងើចសសើរមិនដាច់ពីមាត់ អំពើសំណង់ដ៏ធំមហិមាមួយកន្លែង នៅខាងជើងស្ពានព្រែកសំរោង ត្រើយខាងកើត ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់បង្ហួតរាងយ៉ាងសង្ហា ពីក្បាច់ក្បូរ និងការចាក់គ្រឹះយ៉ាងរឹងមាំចូលមកដីចំណីទន្លេ ។
ប៉ុន្តែអ្វីដែលមហាជនមានការងឿងឆ្ងល់នោះ តើម្ចាស់ភូមិគ្រឹះខាងលើ គេរត់ច្បាប់ដល់ណា ទើបអាចចាក់ខ្សាច់ឃាំងទឹក បំពាននឹងអនុក្រឹត្យ បានយ៉ាងនេះ?
ពាក់ព័ន្ធនឹងករណីនេះ លោកស្រី វ៉ា សារិន ចៅសង្កាត់ព្រែកថ្មី បានប្រាប់អង្គភាព The Real យើងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ខាងសាម៉ីម្ចាស់ផ្ទះ គេបានសុំច្បាប់សាងសង់ទៅសាលារាជធានីភ្នំពេញរួចហើយ ហើយថ្ងៃមុន ខាងភូមិបាលខណ្ឌក៏បានចុះទៅវាស់វែងរបងខាងក្រោមផងដែរ ឃើញថា ម្ចាស់សំណង់ គឺធ្វើត្រឹមត្រូវទៅតាមប្លង់ជាប្រព័ន្ធរបស់គេ ។
ការបកស្រាយរបស់លោកស្រីចៅសង្កាត់ព្រែកថ្មីនេះ គឺមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើម្ចាស់សំណង់ទទួលបានច្បាប់អនុញ្ញាតហើយ ឬក៏កំពុងតែស្នើសុំច្បាប់នោះទេ ហើយបើស្នើសុំច្បាប់ តើអាជ្ញាធររាជធានីភ្នំពេញ ហ៊ានចេញច្បាប់សាង់សង់សង់ឲ្យបានដែរ ? បើរំលោភចូលដីចំណីទន្លេ បំពានទៅនឹងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង់អាងទន្លេ បែបនេះ ?
ដើម្បីឲ្យកាន់តែច្បាស់ថា តើម្ចាស់សំណង់ មានច្បាប់ ឬអត់ច្បាប់ អង្គភាព The Real ក៏បានព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បាប់អំពៅ ប៉ុន្តែលោកមិនលើកទូរស័ព្ទ ហើយអង្គភាពយើងក៏បានសរសេរសំណេរជាសំណួរ អមជាមួយរូបភាពទីតាំង ទៅលោក តាមប្រព័ន្ធ Telegram ប៉ុន្តែលោកចូលមើលហើយ មិនបកស្រាយអ្វីទាំងអស់ ។
យោងតាមអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី ការគ្រប់គ្រងអាងទន្លេ ត្រង់មាត្រា៨ បានកំណត់យ៉ាងច្បាស់ថា ដីចំណីមាត់ច្រាំងទន្លេ គឺត្រូវមានចម្ងាយ ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ ដូច្នេះការសង់សង់សំណង់នៅក្បែរទន្លេ ដាច់ខាត់ត្រូវតែមានរយៈចម្ងាយ ៥០ម៉េត្រ គិតចាប់ពីមាត់ច្រាំងទន្លេ ។ ប៉ុន្តែបើយើងក្រឡេកមើលទៅលើសំណង់ដ៏មហិមារមួយនេះ ហាក់ដូចជាកំពុងសាងសង់រំលោភចូលដីចំណីទន្លេ ជាច្រើមម៉ែត្រ តើអាជ្ញាធរអាចចេញច្បាប់អនុញ្ញាតិឲ្យសាងសង់បានដែរ ?
ទោះជាយ៉ាងណា មហាជនកំពុងរង់ចាំមើលថា តើសំណង់ដ៏មហិមាមួយនេះ អាចនឹងត្រូវចាត់វិធានការក្តៅ ដូចករណីចាក់ថ្មចូលទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែរឬទេ ? ៕