សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ទីតាំងមួយកន្លែង យីហោ «ហ័ង ស៊ឹហូលីដេ» ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបង្កប់ទៅដោយល្បែងស៊ីសងប្រភេទកាស៊ីណូ ហើយនៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមានជនជាតិចិនជាច្រើននាក់ បានសម្រុកចូលលេងកម្សាន្តយ៉ាងសប្បាយ ហាក់មិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ ។
ប្រជាពលរដ្ឋបានលើកឡើងថា មិនមែនមានតែទីតាំងមួយហ្នឹងទេ គឺនៅមានទីតាំងជាច្រើនទៀតនៅក្នុងខណ្ឌចំការមន ដែលកំពុងបង្កប់ល្បែងស៊ីសងរបៀបនេះ ។
ទាក់ទិននឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនេះ នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះដែរ គេសង្កេតឃើញវត្តមានមេភូមិ និងកម្លាំងរដ្ឋបាលខណ្ឌចម្ការមន បានចុះទៅដល់ទីតាំងខាងលើ និងបានឆ្លើយប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មានថា មិនមានបង្កប់ល្បែងស៊ីសងដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ ។
ទោះជាយ៉ាងណា ពលរដ្ឋនៅតែសំណូមពរយ៉ាងទទូចដល់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ពិសេស លោកអភិបាលខណ្ឌចំការមន មេត្តាចាត់វិធានការចុះបង្ក្រាបទីតាំងខាងលើ ក៏ដូចជាបណ្តាទីតាំងផ្សេងទៀតឲ្យមានប្រសិទ្ធភាពផង ៕



