លោក ខេង យ័ន អភិបាលក្រុងកែប ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងហើយ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ។
ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែង អភិបាលក្រុងកែបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា គឺដោយសារអភិបាលក្រុងកែបរូបនេះ ប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន ហើយការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មានការបែកធ្លាយព័ត៌មានថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ ដោយមិនទាន់ដឹងថា មកពីមូលហេតុអ្វី ។ ឆ្លើយតបនឹងព័ត៌មាននេះ លោកអភិបាលខេត្តកែប បានបំភ្លឺថា មិនមានការចាប់ខ្លួនអ្វីទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ ។ រីឯអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ចេញមកបំភ្លឺ និងបដិសេធផងដែរ ៕


