អតិថិជនម្នាក់ ដែលបានដាក់ប្រាក់តម្កល់នៅក្រុមហ៊ុន «ទេពអប្សរវីសា» បានអំពាវនាវស្នើសុំដល់ម្ចាស់ក្រុមហ៊ុន មេត្តាជួយប្រគល់សាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារ មកគាត់វិញតាមការសន្យាផង ។
អតិថិជនខាងលើ បានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា ក្រុមហ៊ុន «ទេពអប្សរ» បានសន្យាថា នឹងប្រគល់ប្រាក់ដែលគាត់បានដាក់តម្កល់នៅក្រុមហ៊ុនមួយនេះ ជូនគាត់វិញ ប៉ុន្តែដល់វេលាកំណត់នៃការន្យា ក្រុមហ៊ុនព្យាយាមគេចវេសមិនទទួលខុសត្រូវទាល់តែសោះ ។
អតិថិជនខាងលើ បានបន្តទៀតថា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន «ទេពអប្សរ» បានចេញលិខិតជូនដំណឹងមួយ ដោយសន្យាថា នឹងធ្វើការទូទាត់ប្រាក់តម្កល់ចំនួន ២០.០០០ដុល្លារសហរដ្ឋអាមេរិក មកកាន់គាត់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ប៉ុន្តែដល់ពេលវេលាកំណត់ ក្រុមហ៊ុនបែជាគេចវេសមិនអនុវត្តតាមកិច្ចសន្យានោះឡើយ ។
ដោយសារតែក្រុមហ៊ុនគ្មានទំនួលខុសត្រូវ ហើយព្យាយាមគេចវេស គាត់ក៏បានស្នើសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយជាការជូនដំណឹងទៅកាន់ក្រុមហ៊ុន ។ ក្រោយពីអ្នកសារព័ត៌មានបានផ្សព្វផ្សាយ ខាងក្រុមហ៊ុនក៏បានអញ្ជើគាត់ (អតិថិជន) មកធ្វើការសម្របសម្រួល ហើយខាងក្រុមហ៊ុនក៏បានសុំការអនុគ្រោះពន្យាពេល ២ទៅ៣ខែទៀត ។ ដោយសារយល់ឃើញថា ក្រុមហ៊ុនជួបប្រទះនូវបញ្ហា គាត់ក៏អនុគ្រោះ ដោយទុកពេលឲ្យក្រុមហ៊ុន តាមការស្នើសុំ ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននៅតែមិនព្រមប្រគល់ប្រាក់ចំនួន ២ម៉ឺនដុល្លារ មកឲ្យគាត់វិញទេ ហើយថែមទាំងបិទក្រុមហ៊ុនបាត់ សូម្បីតែលេខទូរស័ព្ទ ក៏ទាក់ទងមិនចូលដែរ ។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មានយើង បានព្យាយាមទំនាងទំនងសុំការបំភ្លឺពីក្រុមហ៊ុនខាងលើ ប៉ុន្តែលេខទូរស័ព្ទជាច្រើនខ្សែ តេមិនចូលទាល់តែសោះ ៕