ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងវិញហើយ នៅភូមិសង្កាត់ក្នុងខណ្ឌច្បារអំពៅ និងបានពង្រីកខ្លួន នៅតាមហាងកាហ្វេ និងហាងលក់ដូរផ្សេងៗមួយចំនួនទៀត ។
ជាក់ស្តែង ទីតាំងហាងកាហ្វេមួយកន្លែង យីហោ «តាយតាយកាហ្វេ» ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែលួចបើកចាក់ភ្នាល់ល្បែងស៊ីសងជល់មានតាមអនឡាញ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតនឹងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនោះឡើយ ។
សកម្មភាពបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំតាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ដើម្បីភ្នាល់ល្បែង ហើយបើមានសភាពការណ៍មិនស្រួល គឺនាំគ្នារត់ ដែលសកម្មភាពនៃកាបើកលេងល្បែងទាំងនោះ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារ នៅពីមុខកុំព្យូទ័រអ៊ីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ ។
បញ្ហាល្បែងស៊ីសង កំពុងតែកើតមានរាយប៉ាយនៅតាមហាងកាហ្វេ ហាងលក់ទំនិញផ្សេងៗ នៅក្នុងខណ្ឌច្បារអំពៅ និងតាមមូលដ្ឋាននេះ ត្រូវបានមហាជនឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ ។
គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាដាច់ណាត់ ឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។
ពលរដ្ឋក្នុងមូលដ្ឋានរង់ចាំមើលថា តើលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ មានវិធានការយ៉ាងណាក្នុងការបង្រ្កាបទីតាំងល្បែងស៊ីសងខាងលើ រឺក៏ទុកបណ្តោយអោយបើកលេងបន្តទៀត ។ ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីមូលដ្ឋាន មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះផង ៕