លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិត នៃសំណុំរឿង ០០២/០២ របស់សាលាក្តីខ្មែរក្រហម បច្ចុប្បន្ន លោកស្ថិតនៅក្នុងវ័យចំណាស់ ហើយមានសុខភាពល្អធម្មតា ។
លោក ខៀវ សំផន ត្រូវបានសាលាក្តីខ្មែរក្រហម កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តកណ្តាល ។ លោកត្រូវបានដាក់ឱ្យនៅអគារដាច់ដោយឡែក និងទទួលមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ និងមានសុខភាពធម្មតា តាមវ័យរបស់គាត់ ។
គួររម្លឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្សអ្នកជាប់ឃុំ និងអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ នៅពន្ធនាគារខេត្តកណ្តាលផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់មន្ត្រីពន្ធនាគារត្រូវប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្សនិងជៀងវាងការប្រើហឹង្សាឬទារុណកម្មលើអ្នកជាប់ឃុំ ៕






