ប្រជានេសាទនៅឃុំកំពង់លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បាននាំគ្នាស្នើសុំដល់មន្ត្រីជលផល ពិសេសប្រមុខថ្នាក់ដឹកនាំ មេត្តាអនុគ្រោះឲ្យពួកគាត់ឲ្យពួកគាត់អាចប្រើប្រាស់ឧបករណ៍ «លបម៉ាឡេ» ដើម្បីចាប់ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រឹមតែខ្នើតខាងមុខនេះផង ។
លោក ហាប់ វណ្ណាន តំណាងប្រជានេសាទ នៅឃុំកំពង់លួង និងឃុំកោះចិន ស្រុកពញាឮ បានលើកឡើងថា ពួកគាត់ជួបជុំគ្នានេះ មិនមែនជាការប្រឆាំងតវ៉ាអ្វីនោះទេ គឺជាការអង្វរលន់តួរស្នើសុំឲ្យខាងជលផលមានការយោគយល់តែប៉ុណ្ណោះ ព្រោះថា ពួកគាត់ប្រើឧបករណ៍នេះ មិនមែនប្រើជារៀងរហូតនោះទេ គឺប្រើត្រឹមតែប៉ុន្មានថ្ងៃនៅខ្នើតត្រីត្រូវ ខាងមុខនេះតែប៉ុណ្ណោះ ។
លោក ហាប់ វណ្ណាន បានបន្តទៀតថា «លបម៉ាឡេ» នេះ ពួកគាត់បានប្រើប្រាស់ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក រយៈពេលជាង ១០ឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំនេះ ស្រាប់តែខាងជំនាញជលផលបានហាមឃាត់មិនឲ្យប្រើប្រាស់សម្រាប់នេសាទនៅតំបន់នេះទេ ដោយសំអាងថា ឧបករណ៍ «លបម៉ាឡេ» ជាឧបករណ៍នេសាទខុសច្បាប់ ជាឧបករណ៍នរកចាប់ត្រីវសាហាវទៅវិញ ។
តំណាងប្រជានេសាទ បានឲ្យដឹងបន្ថែមទៀតថា ឧបករណ៍ «លបម៉ាឡេ» នេះ មានទំហំទ្រង់ទ្រាយតូចណាស់ កម្ពស់ពីរតឹក ទទឹង ៣តឹក និងបណ្តោយ ៨ម៉េត្រ ហើយការចាប់ត្រីបើដាក់រយៈពេល មួយយប់ មួយថ្ងៃ ២៤ម៉ោង ក្នុងមួយមាត់លប ចាប់ត្រីបានតែប្រមាណ ២-៥គីឡូក្រាម តែប៉ុណ្ណោះ ។
ប្រជានេសាទនៅឃុំទាំងពីរ បានសំណូមពរយ៉ាងទទូចដល់ឯកឧត្តមអភិបាលខេត្តកណ្តាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកដំណោះស្រាយដល់ពួកកាត់ដែលកំពុងជួបទុក្ខលំបាកនេះផង ព្រោះប្រជាពលរដ្ឋភាគច្រើនគ្មានដីសម្រាប់ធ្វើស្រែចម្ការនោះទេ គឺរំពឹងតែទៅលើផលនេសាទនេះឯង ហើយប្រសិនបើកគាត់ខកខានធ្វើការនេសាទ ឬចាប់ត្រីដើម្បីធ្វើប្រហុក ផ្អក ទុកដើម្បីលក់នោះទេ ពួកគាត់នឹងជួបបញ្ហាសេដ្ឋកិច្ចជាក់ជាមិនខាន ៕