កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹក ថ្ងៃទី១២ ធ្នូ ២០២៣ ក្រោយពីជនសង្ស័យរូបនេះ បានយកកាំបិតប៉័ងតោកាប់ប្រហារទៅលើយុវជនម្នាក់ ខណៈកំពុងឈរលេង បណ្តាលឲ្យរងរបួសក្បាល និងដៃ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្តិភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ។
នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ ២៣ឆ្នំា ជនជាតិខ្មែរ មុខរបរ និងទីលំនៅពុំពិតប្រាកដ (មានសារធាតុញៀន) ។ រីឯជនរងគ្រោះឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ ២៩ឆ្នំាជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នគរបាលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងតែឈរលេងនៅកន្លែងកើតហេតុ ស្រាប់តែជនសង្ស័យបានយកកំបិតបុ័ងតោ មកកាប់លើជនរងគ្រោះបណ្តាលរងបួសធ្ងន់ធ្ងរ ត្រង់ដៃ និងក្បាល (មូលហេតុដោយសាររឿងប្រចណ្ឌប្រពន្ធ) ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះក៏ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះដោយបាននាំទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្រោយពីទទួលបានពត៌មាននេះ ភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប្រមូលពត៌មាន និងសាក្សីបំភ្លឺ ដោយបន្តទៅមន្ទីពេទ្យសាកសួរជនរងគ្រោះ និងទទួលពាក្យបណ្តឹងនៅមន្ទីពេទ្យ រួចព្រមទាំងកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ ។ លុះដល់ថ្ងៃទី១២ ខែធ្នូ ឆ្នា២០២៣ វេលាម៉ោងប្រមាណ ៥ព្រឹក កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង នៅចំណុចផ្លូវលេខ១៥កែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី១ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបានប្រព្រឹត្តិអំពើហិង្សារដោយយកកាំបិតបុ័ងតោកាប់ទៅលើជនជនរងគ្រោះពិតប្រាកដមែន ដោយសារតែរឿងគំនុំ (រឿងប្រចណ្ឌប្រពន្ធ) ៕




