ខេត្តកណ្តាល៖ ប្រជានេសាទ នៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានស្នើសុំដល់មន្ត្រីជំនាញជលផល ពិសេស រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា មេត្តាយោគយល់ និងអនុគ្រោះឲ្យពួកគាត់ប្រើប្រាស់ឧបករណ៍លបម៉ាឡេ ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក ផង ។
លោក ហិប វណ្ណណាង តំណាងប្រជានេសាទនៅឃុំកំពង់លួង ស្រុកពញាឮ បានលើកឡើងថា ប្រជាពលរដ្ឋបានប្រកបមុខរបរនេសាទ ដោយប្រើប្រាស់លបម៉ាឡេ នេះ ប្រមាណជាង ១០ឆ្នាំមកហើយ ដោយមិនបានធ្វើជាទ្រង់ទ្រាយអ្វីធំនោះទេ គឺជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ត្រូវបានមន្ត្រីជំនាញជលផលមកធ្វើការហាមឃាត់ និងកាត់ចោលបំផ្លាញចោល ដោយមិនបានជូនដំណឹងដល់ពួកគាត់នោះទេ ដោយសំអាងថា ឧបករណ៍ទាំងនោះមិនមាននៅក្នុងច្បាប់ ពោល គឺឧបករណ៍នេសាទខុសច្បាប់ ។ ក្រោយ មានការតវ៉ាពីប្រជានេសាទ ឥឡូវលឺសូរថាមានការសម្រេចមួយ អនុញ្ញាតិឲ្យប្រើប្រាស់ឧបករណ៍នោះបាន ប៉ុន្តែឲ្យដាក់នៅទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាមវិញ ចំណែកនៅក្នុងទឹកដីស្រុកពញាឮ ខេត្តកណ្តាល គឺគាត់មិនឲ្យដាក់នោះទេ ។
ឆ្លើយតបនឹងសំណូមពរ និងការលើកឡើងរបស់ប្រជានេសាទនេះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា ឧបករណ៍ដែលប្រជាពលរដ្ឋស្នើសុំប្រើប្រាស់ក្នុងការនេសាទនេះ ហៅថា «លប ម៉ាឡេ» ដែលជាប្រភេទឧបករណ៍ខុសច្បាប់ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការបង្ក្រាបជាដាច់ខាត ។ រីឯការលើកឡើងរបស់ប្រជាពលរដ្ឋដែលថា លោកមិនអនុញ្ញាតឲ្យដាក់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយអនុញ្ញាតឲ្យទៅដាក់នៅទឹកដីកំពង់ឆ្នាំង និងកំពង់ចាមនោះ លោក ហេង សុភារិទ្ធ បានបដិសេធ និងច្រានចោលទាំងស្រុង ដោយចាត់ទុកថា វាជាការចោទប្រកាន់គ្មានមូលដ្ឋានមកលើលោកដែលជាមន្ត្រីជំនាញ ៕